ដើម្បីការពារបរិស្ថាន កម្ពុជាសុខចិត្តបោះបង់លុយពាន់លានដុល្លារពីការជីករ៉ែទីតាញ៉ូម

កោះកុង៖ កម្ពុជា​អាច​ទទួលបាន​ចំណូល​ប្រមាណ​ជា ២២ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការជីក​រ៉ែ​ទី​តា​ញ៉ូ​ម នៅ​រមណីយដ្ឋាន​ជី​ផាត ក្នុងស្រុក​ជី​ផាត ខេត្តកោះកុង ដើម្បី​ការពារ​នូវ​បរិស្ថាន ដោយ​ផ្ទុយ​ពី​ប្រទេស​បារាំង ដែល​សុខចិត្ត​បោះបង់ចោល​បញ្ហា​បរិស្ថាន ហើយ​ជីក​យក​រ៉ែ​ទី​តា​ញ៉ូ​ម​ជំនួស​វិញ។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុង​ខេត្តកោះកុង ទី​ដែល​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាងថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មានការ​ជីក​រ៉ែ​ទី​តា​ញ៉ូ​ម​នៅ​រមណីយដ្ឋាន​ជី​ផាត ក្នុងស្រុក​ជី​ផាត ខេត្តកោះកុង​នោះឡើយ បើទោះបី​ការជីក​រ៉ែ​នេះ​អាច​ឲ្យ​កម្ពុជា​ទទួលបាន​ចំណូល​រហូតដល់ ២២ពាន់​លាន​ដុល្លារ​អាមេរិក​ក៏ដោយ​នោះ។

សម្តេច​បាន​លើកឡើងថា ចំណូល​ពី​ការជីក​រ៉ែ​ទី​តា​ញ៉ូ​ម​នេះ អាចធ្វើ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ប្រទេស​ដោយ​មិនបាន​ខ្ចី​ថវិកា​ពី​បរទេស​នោះឡើយ ប៉ុន្តែ​សម្តេច​មិន​អនុញ្ញាត​នោះឡើយ​ព្រោះ​វា​ធ្វើ​ហិនហោច​ព្រៃឈើ​តំបន់​នោះ ហើយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកសមុទ្រ​ថែមទៀត​ផង។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ដកស្រង់​ប្រសាសន៍​សម្តេច​តេ​ជោ​មក​ប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​ជំនួប​ថា «សម្តេច​បាន​មានប្រសាសន៍ថា នៅ​ជី​ផាត​នេះ គោលនយោបាយ​របស់​យើង​ច្បាស់លាស់ ហើយ​ដាច់ខាត គឺ​មិន​ឲ្យ​ជីក​រ៉ែ​ទី​តា​ញ៉ូ​ម​នេះ​ទេ ព្រោះ​ត្រូវ​បំផ្លាញ​ព្រៃ​អស់​ពីរម៉ឺន​ហិកតា ហើយ​ពេល​យក​រ៉ែ​ទៅ គឺ​ទឹកភ្លៀង​មក​ដីក្រហម​វា​ហូរ​ចូល​សមុទ្រ​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់​ទៅជា​ពណ៌​ក្រហម។ គោលនយោបាយ​របស់​ស​ម្តេច គឺ​ដាច់ខាត​មិន​ចង់បាន​លុយ​ហ្នឹង​ទេ គឺ​ថែរក្សា​បរិស្ថាន»។

ការប្តេជ្ញាចិត្ត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ ឯកឧត្តម ប្រ៊ូ​យ​ណូ បូ​ដា​ដ ជា​ជនជាតិ​បារាំង បាន​ស្ញប់ស្ញែង និង​វាយតម្លៃ​ខ្ពស់​ឆន្ទៈ​នេះ។ ឯកឧត្តម ប្រ៊ូ​យ​ណូ បូ​ដា​ដ បាន​លើកឡើងថា ឆន្ទៈ​របស់​សម្តេច​តេ​ជោ គឺ​ផ្ទុយ​ពី​រដ្ឋាភិបាល​ប្រទេស​បារាំង​របស់លោក ដែល​សុខចិត្ត​ជីក​យក​រ៉ែ​ទី​តា​ញ៉ូ​ម ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​ដល់​បរិស្ថាន​នោះឡើយ៕