Toyota វិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារ ទៅក្រុមហ៊ុន Grab

ប្រទេសសិង្ហបុរី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ – ក្រុហ៊ុន Grab Holding Inc. (Grab) បានប្រកាសនៅថ្ងៃនេះ

លើកិច្ចព្រមព្រៀងមួយ រវាងក្រុមហ៊ុនToyota Motor Corporation (Toyota) លើការវិនិយោគពីក្រុមហ៊ុន Toyota ទៅលើក្រុមហ៊ុន Grab ជាទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ដើម្បីក្លាយជាវិនិយោគិនធំជាងគេក្នុងការផ្តល់ហិរញ្ញប្បទានដំណាក់កាលបន្ទាប់របស់ Grab។ ជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Grab និង Toyota ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលមានស្រាប់ ទៅក្នុងតំបន់តភ្ជាប់ទំនាក់ទំនងជាមួយរថយន្ត ក្នុងការដឹកនាំការអនុម័តដំណោះស្រាយចល័តថ្មីនេះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ប្រតិបត្តិការនេះស្ថិតនៅក្រោមការព្រមព្រៀងលើលក្ខខណ្ឌមួយចំនួនដែលមានលក្ខណៈមិនបើកចំហ។

ការវិនិយោគដោយក្រុមហ៊ុន Toyota នេះ គឺជាការវិនិយោគធំជាងគេបំផុត ដោយក្រុមហ៊ុនផលិតរថយន្តទៅលើវិស័យដឹកជញ្ជូនជាសកល និងនាំយក Grab ឱ្យខិតទៅជិតការសម្រេចចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយខ្លួនជាកម្មវិធីទូរស័ព្ទដែលអាចបំពេញតម្រូវការធ្វើដំណើរនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Grab គ្រោងធ្វើការជាមួយដៃគូក្នុងការបង្កើតបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពមួយ ដែលនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងធំៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើអោយមនុស្សគ្រប់គ្នាធ្វើដំណើរបាន និង ផ្តល់ឱ្យអ្នកបើកបរមានឱកាសបង្កើនប្រាក់ចំណូលក្នុងការពង្រីកកម្រិតសេដ្ឋកិច្ច។

ក្នុងនាមជាកម្មវិធីទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញ (O2O) ការវិនិយោគនេះអនុញ្ញាតឱ្យGrab ពង្រីកសេវាកម្មតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញបានទូលំទូលាយជាងមុននៅក្នុងតំបន់ ដូចជាកម្មវិធី GrabFood និង GrabPay។ ក្រុមហ៊ុន Grab ដំណើរការក្នុង ២១៧ទីក្រុង ទូទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង៨ និង ផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ ការដឹកជញ្ជូនអាហារនិងទំនិញ ការបង់ប្រាក់តាមទូរស័ព្ទ និង សេវាហិរញ្ញវត្ថុផ្សេងៗនៅលើកម្មវិធីទូរស័ព្ទ Grab។

លោក Ming Maa ជាប្រធានក្រុមហ៊ុន Grab បាននិយាយថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើវិស័យផលិតរថយន្ត ការវិនិយោគរបស់ក្រុមហ៊ុន Toyota លើក្រុមហ៊ុន Grab គឺផ្អែកលើការជឿរជាក់របស់ពួកគេលើភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនយើង ក្នុងការជម្រុញការអនុម័តលើដំណោះស្រាយចល័តថ្មី និង ពង្រីកសេវាតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញ(O2O) ដូចជា កម្មវិធី GrabFood និង GrabPay នៅក្នុងតំបន់។ Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មី (startup) ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានសម្រេចការទទួលបានប្រាក់ចំណូលលើសពី១ពាន់លានដុល្លារ ដោយមានអ្នកប្រើប្រាស់ជាង១០០លាននាក់បានតំឡើងកម្មវិធីនៅលើទូរស័ព្ទ​​ដៃ​របស់​ពួកគេ នៅទូទាំងតំបន់។ កំណើននៃអ្នកប្រើប្រាស់យ៉ាងរហ័ស និងការកើនឡើងនៃប្រាក់ចំណូលនេះ គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញពីសមត្ថភាពរបស់យើងក្នុងការបន្សាំខ្លួននៅក្នុងតំបន់ ប្រសិទ្ធភាពក្នុងការប្រតិបត្តិ និងផ្តល់នូវកម្មវិធីទូរស័ព្ទដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់ចម្រុះដូចជាអាស៊ីអាគ្នេយ៍នេះ។ ពួកយើង​មានកិត្តិយសដែលទទួលបានការគាំទ្រពីក្រុមហ៊ុនឈានមុខគេមកពីគ្រប់វិស័យដូចជា ក្រុមហ៊ុន Toyota Uber Didi  និង SoftBank ជាដើម។

លោក Shigeki Tomoyama ជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota និងជាប្រធានក្រុមហ៊ុនរថយន្ត Toyota ផ្នែកតភ្ជាប់ទំនាក់ទំនងរថយន្ត បានឱ្យដឹងថា៖ «ខ្ញុំរីករាយដែលយើងកំពុងពង្រឹងកិច្ចសហការរបស់យើង ដោយប្រើប្រាស់បច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុន Toyota ជាមួយនឹងក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្គត់ផ្គង់មធ្យោបាយដឹកជញ្ជូនឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ក្នុងដំណើរឆ្ពោះទៅមុខជាមួយនឹង Grab យើងនឹងអភិវឌ្ឍសេវាកម្មឱ្យមានភាពទាក់ទាញ សុវត្ថិភាព និងសន្តិសុខជាងមុនជូនអតិថិជនរបស់យើងនៅអាស៊ីអាគ្នេយ៍។»

ក្រុមហ៊ុន Grab នឹងធ្វើការជាមួយក្រុមហ៊ុន Toyota ក្នុងការតភ្ជាប់ទំនាក់ទំនងរថយន្តលើ កម្មវិធីផ្គត់ផ្គង់សេវាកម្មធ្វើដំណើររបស់ Toyota (MSPF) មានដូចជា ការធានារ៉ាប់រងផ្ទាល់ដល់អ្នកប្រើប្រាស់ កម្មវិធីសេវាកម្មហិរញ្ញវត្ថុ និង ការព្យាករណ៍លើតំហែទាំរថយន្ត ដែលអាចពង្រឹងបទពិសោធន៍របស់ Grab ទៅកាន់អ្នកបើកបរនៅលើកម្មវិធីទូរស័ព្ទរបស់ Grab។ ក្រុមហ៊ុន Grab និង ក្រុមហ៊ុន Toyota នឹងបង្កើតសេវាកម្មតភ្ជាប់ទំនាក់ទំនងរថយន្ត ដូចជា ការធានារ៉ាប់រងផ្អែកលើការបញ្ជូនទិន្នន័យពីចម្ងាយ (telematics-based insurance) ដែលអាចកាត់បន្ថយការបង់ថ្លៃធានារ៉ាប់រងសុវត្ថិភាពអ្នកបើកបររបស់ Grab។ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ នាយកក្រុមហ៊ុន Toyota ម្នាក់នឹងត្រូវជ្រើសតាំងទៅក្នុង ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Grab និង សមាជិកក្រុមរបស់ក្រុមហ៊ុន Toyota ម្នាក់នឹងក្លាយជាមន្ត្រីប្រតិបត្តិឱ្យក្រុមហ៊ុន Grab៕