ផែដឹកជញ្ជូនថ្មីមួយនៅខេត្តកំពង់ឆ្នាំង នឹងជួយជំរុញចរន្តសេដ្ឋកិច្ច ក្រោយដាក់ឲ្យដំណើរការ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ផែដឹកជញ្ជូនថ្មីនេះ បានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធអង្គភាពជុំវិញខេត្ត។

នាឪកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា កំពង់ផែថ្មីនេះគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រក្រឡា។

ការសាងសង់កំពង់ថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ហើយការកសាងនេះស្ថិតក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង។

លោកអភិបាលខេត្តកំពង់ឆ្នាំងរូបនេះ ក៏បានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្ករការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ។ លោកក៏អះអាងថា ផែថ្មីនឹងជំរុញចរន្តសេដ្ឋកិច្ចខេត្តផងដែរ៕