
ស្ទឹងត្រែង: វារីអគ្គិសនីសេសានក្រោម២ដែលអាចផ្តល់ថាមពលអនុភាព ៤០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក នៅថ្ងៃទី១៧ ខែធ្នូនេះ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅខេត្តស្ទឹងត្រែង។
វារីអគ្គិសនីនេះ វិនិយោគរួមគ្នារវាងរវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ដាក់ទុន៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា សម្ដេចពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការវិយោគគម្រោងវារីអគ្គសនីនេះ ដែលមានការចូលរួមពីបីប្រទេស ហើយគម្រោងនៃការសាងសង់នេះមិនមែនដោយប្រថុយប្រថានឡើយ គឺយើងបានគិតគូរយ៉ាងម៉ាត់ចត់ និងច្បាស់លាស់ យើងបានគិតពីការសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ផ្សេងៗមួយចំនួនទៀត។
សម្ដេចបន្តថា នេះជាគម្រោងមួយស្ថិតនៅក្នុផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍធនធានមនុស្ស, ផ្លូវ , ទឹក និងភ្លើង ដែលជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេច បានមានប្រសាសន៍ថា តាមរយៈវារីអគ្គសនីនេះ មិនត្រឹមតែផ្គត់ផ្គង់តែក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះនោះទេ គឺអាចផ្គត់ផ្គង់ទៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តព្រះវិហារ, រតនគិរី។ល។
ទន្ទឹមនឹងការទទួលបាននូវប្រភពអគ្គិសនីនាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំលឹកពីអតីតកាលរបស់ប្រទេសកម្ពុជា ដែលក្រោយពីយើងងើបពីសង្គ្រាមមក គឺយើងមិនមានអគ្គិសនីប្រើប្រាស់នោះទេ គឺនៅប្រើចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពគឺយើងចាប់ផ្តើមមានអគ្គិសនីប្រើប្រាស់ជាបន្តបន្ទាប់។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវតែជំរុញការអភិវឌ្ឍវិស័យអគ្គិសនីនេះបន្ថែមទៀត ពីព្រោះបច្ចប្បន្ននេះ កម្ពុជាមានតម្រូវការអគ្គិសនីកាន់តែច្រើន ដូចជាក្នុងវិស័យឧស្សាហកម្ម, កសិឧស្សាហកម្មសេវាកម្ម, និងផ្គត់ផ្គង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមទីជនបទ។ ដូច្នេះសម្តេចតេជោ បានជំរុញអោយអាជ្ញាធរអគ្គិសនី និងផ្នែកពាក់ព័ន្ធបង្កើនការតបណ្តាញអគ្គិសនីជាច្រើនទៀតដល់ទីជនបទដាច់ស្រយាលផ្សេង។
មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនតំណាងក្រុមសាងសង់ និងមន្ត្រីពាក់ព័ន្ធដែលមានស្នាដៃក្នុងការកសាងវារីអគ្គិសនីនេះ និងបន្ទាប់មកបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ចាប់ពីពេលនេះតទៅ៕
ហៃ សិរី