
ស្ទឹងត្រែង: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី ១៧ធ្នូនេះថា កម្ពុជាគ្រោងចរចាស្នើសុំខ្ចីឥណទានយ៉ាងគំហុកមួយ ដើម្បីតភ្ជាប់បណ្ដាញចែកចាយអគ្គិសនីនៅកម្ពុជា។ ការថ្លែងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវារីអគ្គិសនីសេសានក្រោម២ ដែលមានតម្លៃជិត ៨០០លានដុល្លារអាម៉េរិក ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
សម្តេចតេជោបានប្រាប់ឯកឧត្តមអគ្គរដ្ឋទូតថ្មីរបស់ចិនថា ទស្សនកិច្ចរបស់សម្តេចនៅពេលខាងមុខ ការចរចាក៏នឹងផ្តោតទៅលើការស្នើសុំឥណទានយ៉ាងគំហុកមួយ ដើម្បីតបណ្តាញអគ្គិសនី សម្រាប់កម្ពុជា។ ម្យ៉ាងទៀតតាមរយៈ ឯកឧត្ដមឯកអគ្គរដ្ឋទូតឱ្យជម្រាបជូនព័ត៌មាននេះទៅ ឯកឧត្តមប្រធានាធិបតីចិនស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ថា កម្ពុជាពិតជាមានតម្រូវការជាកំហុសលើការតភ្ជាប់បណ្តាញចែកចាយអគ្គិសនី ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រឡាយទឹក។
សម្តេចតេជោបន្តថា«យើងត្រូវការទុនដ៏ធំមួយដើម្បីធ្វើការវិនិយោគ លើការតភ្ជាប់បណ្តាញចែកចាយអគ្គិសនីជាតិ ហើយប្រភពទុននោះគឺមានតែប្រទេសចិនមួយគត់ដែលអាចផ្តល់ឱ្យយកម្ពុជាខ្ចី»។
ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណប្រទេសចិនដែលបានជំរុញអ្នកវិនិយោគចិនមកវិនិយោគលើការសាងសង់វារីអគ្គិសនីនៅកម្ពុជា ដែលមកដល់ពីនេះមានវារីអគ្គិសនីចំនួន ៧ ដែលសុទ្ធតែប្រើប្រាស់ទុនវិនិយោគរបស់ប្រទេសចិន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសអំពីការបញ្ចុះតម្លៃអគ្គិសនីថា នៅសល់តែ១៤ថ្ងៃទៀតទេ(ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗដូចជាប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់។
បច្ចុប្បន្នតម្លៃ 0,1240$/Kwh ស្មើនឹង៥០៣រៀល នឹងចុះនៅត្រឹម 0,1170$/Kwh ស្មើនឹង៤៧០រៀល នៅឆ្នាំ២០១៩ និងឆ្នាំ២០២។ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh ស្មើនឹង៥៩៨រៀល និងចុះទៅដល់ 0,1350$/Kwh ស្មើនឹង៥៤៧រៀល នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ គឺតម្លៃ 0,1330$/Kwh ស្មើនឹង៥៣៩រៀល។ ចំពោះអ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$Kwh ស្មើនឹង៥១១រៀលដែលនឹងចុះដល់ 0,1220$/Kwh ស្មើនឹង៤៩៥រៀល នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល។
ប្រភេទទី២ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650$/Kwh ស្មើនឹង៦៧៦រៀល នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh ស្មើនឹង៦៧២រៀល។ នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ 0,1470$/Kwh ស្មើនឹង៥៩៥រៀលឆ្នាំ២០១៩ និង 0,1460$/Kwh ស្មើនឹង៥៩២រៀលឆ្នាំ២០២។ ប្រភេទទី៣ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh ស្មើនឹង៦៧៦រៀល នៅទីក្រុងភ្នំពេញ 0,1640$/Kwh ស្មើនឹង៦៧២រៀលនៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម០0,1590$/Kwh ស្មើនឹង៦៤៥រៀល នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម0,1580$/Kwh ស្មើនឹង៦៤០រៀល នៅឆ្នាំ២០២។ ប្រភេទ៤ ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ១ដល់១០Kwhក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញគឺ៦១០រៀល/Kwh និងតាមខេត្ត៤៨០រៀល/Kwh ដែលនឹងចុះនៅត្រឹម៣៨០រៀល/Kwh នៅឆ្នាំ២០១៩ និង ២០២។សម្រាប់ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០រៀល/Kwh នឹងចុះនៅត្រឹម៤៨០រៀល/Kwh នៅឆ្នាំ២០១៩ និង២០២។
ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០រៀល/Kwh តាមបណ្ដាខេត្ត៧២០រៀល/Kwh នឹងចុះនៅត្រឹម៦១០រៀល/Kwh នៅឆ្នាំ២០១៩ ២០២០ /លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ ៧៧០រៀល/Kwh នៅក្រុងភ្នំពេញ និង ៧៥០រៀល/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០រៀល/Kwh នៅឆ្នាំ២០១៩ និង៧៣០រៀល/Kwh នៅឆ្នាំ២០២។ ប្រភេទទី៥ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០រៀល/Kwh នៅបន្ត ៤៨០រៀលKwh ដដែល។
ប្រភេទទី៦ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០រៀល/Kwh នឹងចុះនៅត្រឹម ៦១០៛រៀល/Kwh នៅឆ្នាំ២០១៩ ២០២។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ និង២០២០នេះ គឺជាការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញការអភិវឌ្ឍន៍ដល់វិស័យឧស្សាហកម្មរបស់កម្ពុជា។ ជាងនេះទៀតសម្ដេចតេជោ ក៏បានស្នើឱ្យក្រសួងរ៉ែនិងថាមពល បន្តការសិក្សាសម្រាប់ការបញ្ចុះតម្លៃអគ្គសនី នៅឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ បន្ថែមទៀតផងដែរ៕