ការពង្រីកកំពង់ផែខេត្តព្រះសីហនុ នឹងជួយឲ្យមានកំណើនពាណិជ្ជកម្មតាមផ្លូវទឹក

រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានថ្លែងថា គម្រោងសិក្សាលើការពង្រីកកំពង់ផែកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ និង១៧ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចតបាន សំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីអញ្ជើញធ្វើបាឋកថា តាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបន្ដថា ការអភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យ ចូលមកបណ្ដាក់ទុន និងទស្សនាខេត្តនេះឲ្យកាន់តែច្រើនថែមទៀត។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏បានលើកឡើងថា ក្រសួងបានទិញគ្រឿងចក្រទំនើបៗ ដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះ ថាក្រសួងមិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោលគឺត្រូវធ្វើផ្លូវឲ្យមានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងទៀ តថា ក្រសួងនឹងដាក់ឲ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឲ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេ មេគង្គបានដោយកម្ពុជាខ្លួនឯង៕