អាជ្ញាធរភ្នំពេញ កំពុងពន្លឿនស្ថាបនាផ្លូវថ្មីជាច្រើនខ្សែនៅខណ្ឌទួលគោក

អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មីមួយខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំណាត់​ផ្លូវថ្មី១ខ្សែនេះពីមុនមក មិនអាចធ្វើចរាចរណ៍ទៅមកបានឡើយ ។ជាងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំពុងពន្លឿនសាងសង់ផ្លូវថ្មីជាច្រើនខ្សែ ក្នុងក្នុងមូលដ្ឋានខណ្ឌទួលគោគផងដែរ។

លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការបើកទូលាយកំណាត់ផ្លូវ១ខ្សែនេះបានជោគជ័យ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។

ជុំវិញការស្ថាបនាផ្លូវនេះ លោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី១១មករា បានដឹកនាំអាជ្ញាធរសង្កាត់និងមន្ត្រីជំនាញចុះពិនិត្យការដ្ឋាននិងបានជម្រុញអោយក្រុមការងារដែលបាននិងកំពុងអនុវត្តលើការងារនេះ អនុវត្តការងារអោយបានត្រឹមត្រូវទៅតាមទំហំផ្លូវដែលមាននៅក្នុងគម្រោង។

លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ថា កំណាស់ដែលបាននិងកំពុងស្ថាបនានេះ ជាកំណាត់ផ្លូវថ្មីលេខ៦០៨ មានប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣និងពីផ្លូវលេខ២៨៣ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១និងបឹងកក់ទី២ ខណ្ឌទួលគោក។ មានទទឹងចាប់ពី៨ម៉ែត្រទៅ១៦ម៉ែត្រ។ ដោយបានត្រួសត្រាយតាំងពីអំឡុងឆ្នាំ២០១៧ ដែលកាលពីមុននោះ ផ្លូវនេះកន្លែងខ្លះមានទទឹងត្រឹម២ម៉ែត្រប៉ុណ្ណោះ ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។

លោកបន្តថា កំណាត់ផ្លូវនេះ ខណៈនេះក្រុមការហារកំពុងធ្វើគ្រឹះ ក្រោយពីធ្វើគ្រឹះរួចយើងអ៊ុតកៅស៊ូACតែម្តង។លោកបញ្ជាក់ទៀតថា សំរាប់ខណ្ឌទួលគោកនៅពេលនេះមានផ្លូវចំនួន៨ខ្សែហើយ ដែលត្រូវស្ថាបនានិងជួលជុលឡើងវិញ។

អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង មានផ្លូវជាច្រើនខ្សែរួច មកហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការជួសជុលកែលំអរឡើងវិញក្នុងចំណោមផ្លូវទាំង២៩ខ្សែដែលត្រូវស្តារឡើងវិញបន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ក្នុងនោះមានផ្លូវខ្លះត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើម ទៅតាមស្តង់ដារបច្ចកទេស៕