ក្រសួងរ៉ែ ព្រមានបិទអាជីវកម្ម​ក្រុមហ៊ុនរុករក​រ៉ែមាសមួយនៅខេត្ដមណ្ឌលគិរី ព្រោះគ្មានសកម្មភាព

មណ្ឌលគិរី៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានព្រមានលុបអាជ្ញាប័ណ្ណអាជីវកម្ម​ក្រុមហ៊ុនរុករក​រ៉ែមាស​មួយ​​ឈ្មោះ រង់ ឈីង អ៊ិនដាសស្រ្ទៀល អ៊ិនវេស​មេន(ខេមបូឌា)ខូអិលធីឌី ដែលកំពុង​ធ្វើអាជីវកម្ម​នៅភូមិពូទុង ឃុំចុង​ផ្លា​ស់ ស្រុ​កកែវសីមា ខេត្ដមណ្ឌលគិរី ដោយ​អះ​អា​ង​ថា ក្រុមហ៊ុន​មិន​មាន​សកម្មភាព​ប្រតិបត្តិការចម្រាញ់រ៉ែមាស។

លោក ស៊ុយ សែម បានថ្លែងក្នុងដំណើរទស្សនៈកិច្ច​ក្រុមហ៊ុន​រ៉ែមាស រង់ ឈីងកាលពីថ្ងៃទី១២ ខែមករាថា គិតត្រឹម​ដំណាច់​ឆ្នាំ ២០២០​នេះ បើ​ក្រុ​ម​ហ៊ុន​​មិន​មាន​សកម្មភាព​ប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រសួងនឹងលុបអាជ្ញាប័ណ្ណ​ក្រុម​ហ៊ុន ហើយ​នឹង​ដាក់​ដេញ​ថ្លៃ​បន្ត​ឱ្យក្រុ​ម​ហ៊ុន​ថ្មីចូលធ្វើជំនួស ខណៈក្រុមហ៊ុន​មិនមាន​សង្វាក់​ផលិតកម្ម​ ក្រោយ​ពីទ​ទួ​លបាន​អា​ជ្ញា​ប័ណ្ណ​ជា​ច្រើ​ន​ឆ្នាំនា​ពេល​កន្ល​ង​ម​ក។

​លោកបានបន្តថា ក្រោយពីក្រសួងរ៉ែ និងថាមពល បាន​សម្រេចអនុញ្ញាតផ្ដល់​អាជ្ញាប័ណ្ណធ្វើ​អាជីវក​ម្មរ៉ែមាស​ដល់​ក្រុមហ៊ុន​នេះ​អស់រយៈពេល ១០​ឆ្នាំទៅហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនមានដំណើរការអាជីវកម្មរ៉ែមាស។ ដូ​ច្នេះបើនៅ​តែ​បន្ត​អាជ្ញា​ប័ណ្ណនាំតែខាតពេលវេលានោះទេ។

លោករដ្ឋមន្រ្ដី​ថា ក្រសួងសម្រេចបន្តអា​ជ្ញាប័ណ្ណឱ្យ​ក្រុម​ហ៊ុនបន្ដទៀត ប៉ុន្តែត្រូវមានលក្ខខណ្ឌធ្វើប្រតិបត្តិការអាជីវកម្ម ដោយ​ចា​ប់ផ្ដើមពីពេលនេះតទៅ បើនៅក្នុង​អំឡុង​ចុង​ឆ្នាំ​២០២១​នេះ មិនមានការផលិតមាស​តាមការគ្រោងទុក ក្រសួងនឹង​ដកយ​ក​អា​ជ្ញាប័ណ្ណមកវិញ។

​​ភ្លាមៗនោះ​តំណាង​​ក្រុមហ៊ុន រង់ ឈិន បានបញ្ជាក់​ថា ក្រុមហ៊ុនរបស់ខ្លួន គឺបានផ្ទេរទីតាំង​ក្រុមហ៊ុន​នេះពីក្រុម​ហ៊ុន​ចា​ស់​ដែ​ល​ជាម្ចាស់អាជ្ញាប័ណ្ណ ហើយទើបធ្វើឱ្យសង្វាក់​ផលិត​កម្មមានភាព​រអាក់រអួល។ លើសពីនេះ​ ក្រោយពីក្រុមហ៊ុន ទទួល​ការ​ងា​របន្តពីម្ចាស់ដើម អាជ្ញា​ប័ណ្ណនៅសល់​រយៈ​ពេ​ល​ខ្លី ហើយត្រូវជួបប្រទះបញ្ហាកូវីដ១៩ ដែលបានបណ្ដាលឱ្យក្រុម​អ្នក​ជំ​នា​ញនៅប្រទេសចិន មិនអាចធ្វើ​ដំណើរ​មកបំពេ​ញ​ការងារឱ្យក្រុមហ៊ុនបាន។

លោក ស៊ុយ សែម ​បានដាក់ចេញ​ដំណោះស្រាយដល់ក្រុមហ៊ុន ដើម្បី​មាន​ភាពងាយស្រួលក្នុងការ​យកអ្នកបច្ចេ​ក​ទេ​សពី​ប្រ​ទេ​សចិនមកបំពេញការងារ និង​សម្រេច​បន្តសុពលភាពអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនអាច​សាក​ល្បង​អា​ជីវ​កម្ម​​របស់​ខ្លួន​បានឡើងវិញ៕