សួនច្បារមាត់ទន្លេក្រុងតាខ្មៅ នឹងផ្លាស់ប្តូរមុខមាត់ថ្មី ជាទីក្រុងទេសចរណ៍អាស៊ានឆាប់ៗនេះ

កណ្តាល៖ ក្រុមហ៊ុនផ្កាត្រកួន ជាក្រុមហ៊ុនមួយមានបទពិសោធន៍ វិនិយោគវិស័យសេវាកម្មទេសចរណ៍ធម្ម​ជាតិមានគំរោងជួយកែលំអសួនច្បារ មាត់ទន្លេបាសាក់អោយកាន់តែមានសោភណ័ភាពថែមទៀត ដើម្បីសក្តិសម ជាទីក្រុងស្អាតទេសចរណ៍អាស៊ាន។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា ឌិន សុមេធា ស្ថាបនិកក្រុមហ៊ុនផ្កាត្រកួន និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សានិងវាយតម្លៃ លើគំរោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។

នាឪកាសនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគាំទ្រ យ៉ាងពេញទំហឹងនិងលើកទឹកចិត្ត អោយក្រុមហ៊ុនមួយនេះ អនុវត្តគម្រោងរបស់ខ្លួន ឲ្យបានឆាប់រហ័យ ដោយត្រូវសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមស្ថានភាពជាក់ស្តែងឲ្យបាន ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

ជាងនេះទៀត លោកអភិបាលបានបញ្ជាក់ថា៖ ការកសាង គម្រោង កែលម្អសួនច្បារនេះ ធ្វើឡើងដើម្បីរួមចំណែក ការពារ ការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើង នូវសោភណ្ឌភាពទីក្រុង ឲ្យមានភាពស្រស់បំព្រងមានភាពបៃតង និងបរិស្ថានល្អទុកជាទីកន្លែងសាធារណៈ ។

ជាងនេះទៀត លោកក៏បានតំរូវឲ្យ ម្ចាស់គំរោង ត្រូវរៀបចំជា សួនច្បារតាមមាត់ទន្លេ ឲ្យមានសោភ័ណ្ឌភាព ត្រូវដាំផ្កាចំរុះពណ៌ ដាំស្មៅដើមឈើតូចធំនិងបំពាក់នូវភ្លើងលំអរផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅក្រុងតាខ្មៅបានកាន់តែច្រើនឡើង។

បន្ថែមពីលើនេះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ម្ចាស់គម្រោង ត្រូវគិតគូររកទីតាំង សម្រាប់សង់បង្គន់អនាម័យ ឲ្យបានសមរម្យ ត្រូវរៀបចំកន្លែងលក់ដូរ ដល់អជីវករឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយរាប់ទាំងរៀបចំណតយានយន្តផ្សាររាត្រីកន្លែងហាត់ប្រាណស្ពានតាមច្រាំងទន្លេនិងកន្លែងកម្សាន្តនានាផងដែរ។

តាមការគ្រោងទុកគម្រោងនេះគឺចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងចាប់ពីគល់ស្ពានតាខ្មៅដល់គល់ស្ពានព្រែកសំរោង ។

គួរបញ្ជាក់ថា៖ក្រុមហ៊ុនផ្កាត្រកួន នេះបានបោះទុនវិយោគ សេវាកម្មទេសចរណ៍ធម្មជាតិលើគំរោងអភិវឌ្ឍន៍ផ្ទៃដី ទំហំ១០០ហិកតា ស្ថិតនៅទីតាំង ឃុំស្វាយប្រទាល ស្រុកស្អាង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕