ខេត្ដចំនួន៦ នឹងទទួលបានផ្លូវក្រាលកៅស៊ូ ប្រមាណជាង១១៩គីឡូម៉ែត្រ ពីរដ្ឋាភិបាលចិន

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន២ខ្សែ ប្រវែងសរុប១៥គីឡូម៉ែត្រ និង១៨៧ម៉ែត្រ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាលទ្ធផលផ្លូវទាំងពីរខ្សែនេះ សម្រេចបានប្រមាណ៤៨%ហើយ គ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី១ នៅខែសីហា និងបញ្ចប់១០០% នៅដើមឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវទាំងពីរខ្សែនេះ លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល ៣០ ខែចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តកំពង់ស្ពឺ ៤ខ្សែ ខេត្តកណ្តាល ៣ខ្សែ ខេត្តត្បូងឃ្មុំ ២ខ្សែ ខេត្តព្រៃវែង ១ខ្សែ និងនៅក្នុងខេត្តស្វាយរៀងចំនួន ១ខ្សែ និងនៅខេត្តកំពង់ឆ្នាំងមានចំនួន ៦ខ្សែ ប្រវែងសរុប៣៦គីឡូម៉ែត្រ និង៥២០ម៉ែត្រ រួមទាំងសំណង់ដោះទឹកផងដែរ។

គម្រោងជំហានទី២នេះ នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ១១៩ គីឡូម៉ែត្រ និង៤៦៧ម៉ែត្រ ដែលត្រូវបានចែកជាពីរកញ្ចប់ ផ្សេងគ្នារួមមាន៖ កញ្ចប់ទី១ អនុវត្តដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. នឹងត្រូវធ្វើការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៧៩ គីឡូម៉ែត្រ និង១៣៧ ម៉ែត្រ នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល។ ជាលទ្ធផលសម្រេចបានប្រមាណ ៤៥.២៦% នៃគម្រោង។

ដោយឡែកកញ្ចប់ទី២ អនុវត្តដោយក្រុមហ៊ុន YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO., LTD នឹងត្រូវធ្វើការសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៤០គីឡូម៉ែត្រ និង៤១ម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ។ លទ្ធផលសម្រេចបាន ១៥.៦៤% នៃគម្រោងទាំងមូល។

លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការ នៅការដ្ឋានត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមគំរូប្លង់ដែលបានគ្រោងទុក ដើម្បីធានាបានទាំងគុណភាព និងសោភ័ណ្ឌភាព៕