
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប កាលពីឆ្នាំ២០១៧ មានទឹកប្រាក់ ៤,៣៤៣លានដុល្លារអាមេរិក គឺបានកើនឡើង ១០,២% បើធៀបនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់ត្រឹមតែ ៣,៩៤១លានដុល្លារអាមេរិក។
នេះបើតាមការអះអាងរបស់លោក ពេជ ឫទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX) សម្រាប់ទីផ្សារសហភាពអឺរ៉ុប ដែលរៀបចំឡើងកាលពីដើមសប្ដាហ៍នេះ។
ថ្លែងទៅកាន់សិក្ខាកាមដែលជាមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនប្រមាណជាង ៤០០នាក់ នៅឯទីស្តីការក្រសួងពាណិជ្ជកម្មលោក ពេជ ឫទ្ធី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងអាវុធ (EBA)» ផ្តល់ដោយសហភាពអឺរ៉ុប តាំងពីឆ្នាំ២០០១ ដែលបានរួមចំណែកអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មឱកាសការងារជូនប្រជាជនជាង ៧សែននាក់ ដែលភាគច្រើនជាស្ត្រីនៅតាមតំបន់ជនបទ។
លោកអនុរដ្ឋលេខាធិការបានស្នើដល់សិក្ខាកាម ដែលជាផលិតករ ពាណិជ្ជករ និងអ្នកនាំចេញទំនិញទៅទីផ្សារអឺរ៉ុប ប្រឹងប្រែងយកចិត្តទុកស្តាប់ការពន្យល់របស់វាគ្មិន ដើម្បីក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ទាក់ទងនីតិវិធីចុះឈ្មោះតាមប្រព័ន្ធ REX របស់សហភាពអឺរ៉ុប ដោយហេតុថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ អ្នកនាំចេញទាំងអស់ តម្រូវឱ្យធ្វើការចុះឈ្មោះជាមួយប្រព័ន្ធថ្មីនេះ ទើបមានសិទ្ធិនាំចេញទំនិញទៅកាន់សហភាពអឺរ៉ុប។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប តែងតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ រៀងរាល់ពីរឆ្នាំម្តង ដើម្បីពង្រឹងតួនាទីរបស់សភាអឺរ៉ុប លើកិច្ចការនយោបាយ និងពាណិជ្ជកម្ម ដោយជំរុញបន្ថែមនូវគោលការណ៍គន្លឹះសំខាន់ៗ សំដៅធានានិរន្តរភាពនៃការអភិវឌ្ឍ និងអភិបាលកិច្ចល្អ។ ក្នុងន័យនេះ ប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX) ត្រូវបានកំណត់នៅក្នុងបញ្ញត្តិប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប លេខ ២៤៤៧/២០១៥ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយនីតិវិធីស្មុគ្រស្មាញ សម្រាប់ការនាំចេញទំនិញទៅសហភាពអឺរ៉ុប៕