កម្ពុជា​កំណត់យកទំនិញសក្ដានុពលប្រមាណ ៥០-៦៥មុខ សម្រាប់​យកទៅលក់នៅ​ប្រទេសចិន

ភ្នំពេញ៖ កម្ពុជាបានកំណត់ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ សម្រាប់ជំរុញការនាំចេញ ទៅកាន់ប្រទេសចិនក្នុង​អំ​ឡុ​ង​ពេ​ល​​កិច្ចព្រមពៀងពាណិជ្ជកម្មសេរី (FTA) ចូលជាធរមាន ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា​

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យ​ដឹង​ថា មុខទំនិញ​សក្ដា​នុព​លរបស់កម្ពុជាប្រមាណ ៥០-៦៥មុខ ត្រូវបានសិក្សារួចរាល់លើរបាំងបច្ចេកទេស របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានា ដែល​ប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា

លោកបន្តថា ការសិក្សាលើទំនិញទាំង ៦៥មុខនេះ ផ្អែកលើឯកសារគោលដែលបានដក ស្រង់ចេញពីឯកសារ​គោល​នយោ​បា​យពា​ណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូលដ្ឋានច្បាស់លាស់ និងមាន​មូល​ដ្ឋានស​ម្រា​ប់​ធ្វើ​ការនាំចេញ។

លោកបញ្ជាក់ថា ទំនិញដែលកម្ពុជាមានសិទ្ធិនាំចូលទៅកាន់ទីផ្សារប្រទេសចិនមានរាប់ពាន់មុខ ប៉ុន្ដែមិនមានន័យថា យើងត្រូវនាំចូលគ្រប់ផលិតផលនោះទេ ត្រូវមើលទៅលើទំនិញណា ដែលមានសក្ដានុពលទើបធ្វើការនាំចេញ ហើយប្រសិនបើទំនិញមានសក្ដានុពលនេះ មានការលំបាកក្នុងការនាំចេញ ខាងក្រសួងពាណិជ្ជកម្ម និងដោះស្រាយ។

លោក ស៊ាង ថៃ បញ្ជាក់ថា«ទំនិញ៥០-៦៥មុខនេះ ជាទំនិញដែលកម្ពុជា បានកំណត់គោដៅទុក ហើយប្រសិនបើរក​ទំនិ​ញ​បានគ្រប់ចំនួនក្នុងការនាំចេញ ជារឿងមួយល្អបំផុតក្នុងជំហានដំបូង ដែលកម្ពុជាធ្វើការនាំចេញ»

លោកឲ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារកំពុងសិក្សាមើលថា តើគួរនាំចេញទំនិញអ្វីខ្លះ? ចំណែ​កទំនិ​ញដែលនឹងគ្រោ​ង​នាំ​ចេ​​ញបាន ក្រុមការងារនឹងចុះផ្សព្វផ្សាយដល់ប្រជាកសិករ ឲ្យផលិតនូវផលិតផលទាំងនោះ។

គួរបញ្ជាក់ថា ឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FT​A​) ដើម្បីជំរុញការនាំចេញទៅប្រទេសចិន ឱ្យបានជាអតិបរមា គឺជាឯកសាររស់ ដែលនឹង​ត្រូវ​ធ្វើកា​រ​សិក្សា​ស្រាវ​ជ្រាវ​លើ​មុខ​ទំ​និ​ញសក្តានុពល ជាបន្តបន្ទាប់ទៀត និងត្រូវពង្រីកការសិក្សាស្រាវជ្រាវជាមួយបណ្តាប្រទេសដែលកម្ពុជា មានកិច្ច​ព្រម​ព្រៀ​ង​​ពា​ណិជ្ជកម្មសេរី (FTA) ទាំងថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជំរុញការនាំចេញឱ្យបានជាអតិបរមា ទៅតាមប​ណ្តា​ប្រ​ទេស​ជា​ស​មាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ៕