ទឹកឃ្មុំព្រៃរបស់​សហគមន៍នៅ​ខេត្តមណ្ឌលគិរី ត្រៀមចុះបញ្ជី ដើម្បីក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ

មណ្ឌលគិរី: មន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិរឌ្ឍន៍​ជនបទកម្ពុជា​(CIRD)​លោក ចាន់ ឡាលី បានលើកឡើងថា ទឹកឃ្មុំ​ព្រៃ​របស់ប្រជា​​​សហគមន៍នៅខេត្ត​មណ្ឌលគិរី ត្រៀមចុះបញ្ជី ដើម្បីឱ្យ​ក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ ដោយ​មិន​អនុញ្ញាត​ឱ្យ​ផលិតផល​ទឹកឃ្មុំកន្លែង​ផ្សេងមកបន្លំយកឈ្មោះទឹកឃ្មុំមណ្ឌលគិរីធ្វើអាជីវកម្ម​ទេ។

លោក ចាន់ ឡាលី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ច​នៅ​សហគមន៍អបួនលើ ឃុំអបួនលើ ស្រុកកោះ​ញែ​ក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៨ខែមករា​ឱ្យដឹងថា របររកទឹកឃ្មុំព្រៃ ជារបរទី២របស់ប្រជាកសិករ ក្រៅទំនេរ​ពីការងារ​ធ្វើ​ស្រែច​ម្ការ ហើយមុខ​របរមួយនេះ អាជ្ញាធរ និងអង្គការដៃគូណែនាំទៅដល់ប្រជា​សហគមន៍​ឱ្យអនុវត្តនិងធ្វើតាម​លក្ខណៈ​ប​ច្ចេ​កទេស ជៀសវាងកុំសម្លាប់ឃ្មុំទាំងសំបុក។

​លោកបន្ថែមថា៖«នៅពេលនេះយើងបានត្រៀមឯកសាររួចរាល់ជិត ១០០ភាគរយហើយ ដើម្បីចុះបញ្ជីសម្គាល់ភូមិ​សាស្ត្រ នៅក្រសួងពាណិជ្ជកម្ម។ ចុះបញ្ជីការទឹកឃ្មុំព្រៃ មានកម្មសិទ្ធិបញ្ញាត្រឹមត្រូវនេះ ដើម្បីរួមគ្នាថែរក្សា កេរ្តិ៍ឈ្មោះ​រប​ស់ស​ហ​គម​ន៍​»។

លោក​ថា ពលរដ្ឋ​ជនជាតិដើមភាគតិចនៅតាមតំបន់នីមួយៗ នៅតែបន្តប្រកបរបររកឃ្មុំព្រៃ ដើម្បីលក់បានប្រាក់ចំណូលស​ម្រា​ប់ដោះស្រាយជីវភាពបន្ទាប់ពីមុខរបរធ្វើស្រែចម្ការ និងបានរួមគ្នាថែរក្សាអត្តសញ្ញាណមុខរបរពីដូនតា។

​លោក កើញ បូផាត់ ប្រធានក្រុមអ្នកប្រមូលឃ្មុំព្រៃជនជាតិដើមភាគតិចព្រៃរបាងបានឱ្យដឹងថា ក្នុង១ឆ្នាំ ជាទូ​ទៅ​ប្រមូលចូ​ល​ក្នុ​ងសហគមន៍ ចាប់ពី២០តោន ទៅ៣០តោន បូករួមទាំងហូរចេញទៅខាងក្រៅវិញ ចូលទៅ​៧០​តោន បើនិយា​យ​ទូទាំង​ខេ​ត្ត​មណ្ឌលគិរី ហើយទឹកឃ្មុំដែលសហគមន៍របស់លោកប្រមូល គឺទឹកឃ្មុំចង្អេរទាំងអស់។

លោកបានឱ្យដឹងថា ទឹកឃ្មុំរបស់សហគមន៍ មានទីផ្សារនៅភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ និងលក់តាម Online។ ​បច្ចុប្បន្ន​ចរន្តនៃការប្រើប្រាស់ទឹកឃ្មុំព្រៃធម្មជាតិសុទ្ធ ១០០ភាគរយនេះ គឺមានកំណើនយ៉ាងខ្លាំង ខណៈក្នុង១ថ្ងៃ ស​ហ​គម​ន៍​រប​ស់លោកលក់ទឹកឃ្មុំបានចាប់ពី៥០ ទៅ១០០លីត្រ។ សម្រាបទឹកឃ្មុំព្រៃ ដែលប្រជាសហគមន៍ប្រមូល គឺចាប់ផ្តើមពី​ខែ​៣ ដល់ខែ៦ ខណៈនៅឆ្នាំ២០២០ សហគមន៍របស់លោកបានបង្កើតឱ្យក្រុមប្រមូលឃ្មុំព្រៃចំនួន ១១ក្រុម និងមានសមាជិក ៥១៦​នាក់ទូទាំងខេត្តមណ្ឌលគិរី៕