
ភ្នំពេញ៖ អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោក Ahmed Muneeb Saeed នៅថ្ងៃទី ២០ខែមករានេះ ADB ប្ដេជ្ញាជួយកម្ពុជាក្នុងការឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ការថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការគោលនយោបាយសម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងនៅថ្ងៃទី២០ ខែមករាតាមប្រព័ន្ធវីដេអូ។
លោក Ahmed Muneeb Saeed ឱ្យដឹងថា ADB នឹងផ្តល់ការគាំទ្រលើ ៤ចំណុចរួមមានទី១-ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងរបស់កម្ពុជា តាមរយៈការចាប់ផ្តើមការរៀបចំកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ និងសម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីនេះ ទី២-ការគ្រប់គ្រងតាមច្រកព្រំដែនដែលជាចំណុចសំខាន់ក្នុងការបញ្ជៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទី៣-ការការពារជនងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ និងទី៤-ការគ្រប់គ្រងវិបត្តិនៃការកើនឡើងតម្លៃចំណីអាហារ។
លោក វង្សី វិស្សុត បានថ្លែងថា ការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានវាយតម្លៃថានឹងមានការថមថយ ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ច ទាំងលើសកម្មភាពផលិតកម្ម និងការប្រើប្រាស់ ព្រមទាំងការវិនិយោគ។
លោកបន្តថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ដោយសារការរំពឹងទុកនៃការកើនឡើងដោយសន្សឹមៗនៃវិស័យគាំទ្រកំណើនមួយចំនួន និងប្រសិទ្ធភាពនៃការដាក់ចេញ វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើម ចែកចាយក្នុងឆ្នាំ២០២១នេះ។
លោក វង្សី វិស្សុត បន្តថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ និងរលកថ្មីនៃការរីករាលដាល នៃជំងឺនេះជាបន្តបន្ទាប់ទាំងនៅជុំវិញពិភពលោក និងនៅកម្ពុជា រហូតមកទល់នឹងនេះវាបានធ្វើឱ្យកាន់តែស្គាល់ និងយល់ដឹងអំពីជំងឺនេះថែមទៀត ព្រមទាំងអាចមានជម្រើសនៃការព្យាបាលជំងឺនេះបានល្អជាងមុន ជាពិសេសអាចដាក់ចេញនូវវិធានការឆ្លើយតបនឹងជំងឺនេះឱ្យកាន់តែចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន៕