ក្រុមហ៊ុនចិនដែលកំពុងវិនិយោគចិញ្ចឹមត្រីលម្អនៅកម្ពុជា គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃជាង ២លា​ន​ដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយឈ្មោះ First Aquatic Indutrial Co., Ltd បាននិងកំពុងវិនិយោ​គចិញ្ចឹមត្រី​លម្អ​នៅ​កម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស គ្រោងនាំចេញត្រីនាគ និងបបែល ក្នុងតម្លៃជាង ២លានដុល្លារទៅ​ប្រទេស​ចិន ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានមូលដ្ឋានកសិដ្ឋាននៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោក Li Xuequn អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចាប់​ផ្តើមដំណើរ​ការនៅ​ឆ្នាំ​២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការ​កសាងហេដ្ឋរច​នា​សម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រី​ទឹក​សា​បកម្ពុជាជាច្រើនប្រភេទទៀត។

លោកបន្តថា នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១,០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥,០​០០​ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១,០០០ដុល្លារ/ក្បាល និង​ត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ កសិដ្ឋានប្រើ​កម្មករ​សរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបាន​ចុះ​ទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះ សមស្របតាមគោ​លនយោបាយ​របស់រាជ​រដ្ឋា​ភិ​បាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសសំដៅលើកស្ទួយវិស័យវារីវប្បកម្ម និង​ការ​នាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

លោកបានណែនាំឱ្យក្រុមហ៊ុនត្រូវត្រៀមរៀបចំឯកសារបច្ចេកទេស ពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈាន​ទៅដល់​ការរៀបចំពិធីសារនាំចេញត្រីលម្អ ទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការ​ទំនា​ក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានា ពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផល ដែល​កសិ​ដ្ឋា​នចិញ្ចឹមបាន។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដោយបញ្ជាក់ថា ក្រសួងក៏ដូចជារដ្ឋ​បាលជលផលនឹ​ងរង់ចាំសហ​ការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំចេញត្រីលម្អនេះ សម្រេចទ​ទួល​បា​នជោគជ័យ៕