កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងជំរុញការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈទេសចរណ៍

កោះកុង៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួង​វប្ប​ធ​ម៌ និងវិចិត្រសិល្បៈ បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទី​ក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន​តាមរយៈអនឡាញនៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន។

លោក ជា បូរ៉ា ការចូលរួមក្នុងពិធីចុះហត្ថលេខានេះនៅថ្ងៃទី២១ ខែមករា នៅតារាសាគរ ខេត្តកោះកុង ដោយ​កិច្ច​ព្រម​ព្រៀង​ស​ហ​ប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃ​ភាពជាដៃគូក្នុងការ​ជំរុញ​ការ​ប​ណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និង​ការសិក្សាស្រា​វជ្រាវក្នុ​ងវិស័​យ​ទេ​សចរណ៍​។

លោកបន្តថា តាម​រយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រម​ទាំង​ការ​បង្កើត​ឱ្យមាន​មជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំ​រុញ​ការ​អភិវឌ្ឍ​វិស័​យ​ទេសចរណ៍ និង​ប្រែក្លាយកម្ពុជាឲ្យក្លាយជា​គោលដៅទេសចរណ៍ដ៏​ទាក់ទាញលំដាប់ថ្នា​ក់ពិភ​ព​លោ​ក និង​ផ្តល់​ភាព​កក់ក្តៅដល់ភ្ញៀវទេសចរ។

លោកបញ្ជាក់ថា ​វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែល​ជា​ផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់​អង្គ​ការ​សហប្រជាជាតិ (UN)៕