
ភ្នំពេញ: ក្រុមហ៊ុនវីសាកាត (Visa Card), ធនាគារជាតិនៃកម្ពុជា និងធនាគារឯកជនមួយចំនួនទៀត បានរួមគ្នាបើកដាក់ឱ្យដំណើរការសម្រាប់ប្រើប្រាស់ស្កេន QR កូដ តាមបច្ចេកវិទ្យាថ្មីក្នុងការទូទាត់ សាច់ប្រាក់តាមរយៈទូរស័ព្ទដៃ ដើម្បីទិញទំនិញជំនួសការប្រើសាច់ប្រាក់សុទ្ធ។
ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការស្កេន QR កូដ ដើម្បីបង់ប្រាក់តាម រយៈវីសាកាត នៅថ្ងៃទី២០ធ្នូនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសាកាត (Visa Card) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការផលិតផលQR កូដ ក្នុងការបង់ប្រាក់តាមរយៈវីសាកាត បាននាំមកនូវបច្ចេកវិទ្យាថ្មីក្នុងការផ្ដល់នូវអត្ថ ប្រយោជន៍យ៉ាងធំធេងក្នុងការប្រើប្រាស់ និងសម្រាប់ពាណិជ្ជករនៅកម្ពុជា ដែលបានបង្កើន ឱកាសក្នុងការជំរុញអាជីវកម្ម ឱ្យទទួលបានការបង់ប្រាក់តាមអេឡិចត្រូនិក ដែលជាមធ្យោ បាយមួយយ៉ាងល្អក្នុងការផ្ដល់ឱ្យអតិថិជនមានការផ្លាស់ប្ដូរពីការប្រើប្រាស់លុយសុទ្ធមកទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកវិញ។
លោកស្រីបានបន្ដថា វីសាបានធ្វើការជាមួយធនាគារជាដៃគូ និងហាងលក់ទំនិញធំៗនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការបង់ប្រាក់តាមរយៈ ការស្កេន QRកូដ ដែលធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយនឹងបច្ចេកវិទ្យាQRកូដ អាចកាត់បន្ថយ ចំណាយដ៏មានប្រសិទ្ធភាព ហើយនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការឈានឆ្ពោះទៅការ កសាង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំថែមទៀត។
លោកស្រីបន្ដទៀតថា ការទូទាត់ប្រាក់តាមរយៈ QR កូដនេះ នឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ប្រាក់តាមបែបថ្មី ដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស ខណៈពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការអ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេ QR កូដ ដើម្បីធ្វើការទូទាត់ជាមួយវីសាកាត តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។
លោកស្រីបានបន្ថែមទៀតថា “យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈ វីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់ បែបអេឡិចត្រូនិក ព្រមទាំងជួយជំរុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសឱ្យកាន់តែប្រសើរទ្បើង “។
គួរបញ្ជាក់ថា ការទូទាត់ប្រាក់តាមរយៈQR កូដនេះ អតិថិជនអ្នកប្រើប្រាស់អាចទាញ យកកម្មវិធីទូរស័ព្ទដៃ(App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយវីសាកាត តាម រយៈកាតឥណទាន កាតឥណពន្ធ ឬកាតបង់ប្រាក់ជាមុន ហើយប្រើទូរស័ព្ទដៃក្នុងការស្កេន QR កូដ ដើម្បីធ្វើការទូទាត់ជាមួយវីសា តាមរយៈការផ្ទេរប្រាក់ពីគណនេយ្យ របស់អ្នកទៅកាន់តែ គណនេយ្យរបស់អ្នកលក់ផ្ទាល់៕