ទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ ត្រូវបានបោះចូលក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ ២០១៨

ភ្នំពេញ៖ គម្រោង​សាងសង់​ប្រមាណ ២,៨៦៧ គម្រោង ជាមួយនិង​ទឹកប្រាក់​ប្រមាណ ៥ ២២៨ ៩៩២ ៥២២ដុល្លារ​អាមេរិក ត្រូវបាន​អ្នកជំនួញ​ជាតិ និង​អន្តរជាតិ​ចំណាយ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨នេះ។

នេះ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បង្ហាញ​ក្នុង​សន្និបាត​បូកសរុប​លទ្ធ​ផល​​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ នៅ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះ​នៅ​សណ្ឋាគារ​សុខា ជ្រោយចង្វារ។

របាយការណ៍​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ទាំងនេះ ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​មាន​ចំនួន ២៤៥គម្រោង មាន​ទុនវិនិយោគ​ប្រមាណ ៤ ៨២៩ ១៧៣ ៨៥៤ដុល្លារ ហើយ​ស្ថិតក្រោម​សមត្ថកិច្ច​សាលា​រាជធានី-ខេត្ត ចំនួន ២ ៦២២ ជាមួយ​ទុនវិនិយោគ​ប្រមាណ ៣៩៩ ៨១៨ ៦៦៨ដុល្លារ។

របាយការណ៍​បន្តថា សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ២០១៨ មាន​ចំនួន ២ ៤២០គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ ១ ៨៣៥ ៤១៦ ៩១២ដុល្លារ ស្នើ​នឹង ១៨ ៤៧១ខ្នង ហើយ​អគារ​ខ្ពស់​ៗ​ចាប់ពី ៥ ជាន់ឡើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ២០១៨ មាន​ចំនួន ១១០អគារ។ ដោយឡែក​បណ្ដុំ​លំនៅ​ឋាន​មាន​លក្ខណៈ​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ២០១៨ ចំនួន ២៨ទីតាំង។

បើតាម​របាយការណ៍រ​បស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា គិត​ចាប់ពី​ឆ្នាំ២០០០ ដល់​ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៤៣ ១៣៦គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន ១១៤ ២៩៧ ៦២១ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤៣ ៣៧០ ៤២៣ ៣៧៨​ ដុល្លារ​។

ចំណែក​គម្រោង​អគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង​នៅ​រាជធានី​ភ្នំពេញ គិត​ចាប់ពី​អនុវត្ត​រហូតដល់​ឆ្នាំ ២០១៨ មាន​ចំនួន ១ ២១៧អគារ និង​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​គិតពី​ឆ្នាំ២០០៣ ដល់​ឆ្នាំ ២០១៨ មាន​ចំនួន ២៣៥ទីតាំង៕