
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៤ ធ្នូនេះ បានបង្ហាញថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបរទេសសរុបចំនួន ២៤,៩៨៥ លានដុល្លារអាមេរិក ខណៈការនាំចេញជាង ១១ ពាន់លានដុល្លារ និងនាំចូលវិញជាង ១៣ ពាន់លានដុល្លារ។
ការបង្ហាញនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ព្រមទាំងតំណាងវិស័យឯកជនប្រមាណជាង ៣០០នាក់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ២៤ ខែធ្នូនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងឆ្នាំ២០១៨នេះការនាំចេញរបស់កម្ពុជា មានការកើនឡើងចំនួន១០% កំណើននេះទទួលបានពីការកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារនាំចេញទៅកាន់ជាង១៤៧ប្រទេសនៅទូទាំងពិភពលោក។
លោកបន្ដថា ការនាំចេញនេះមានទំហំប្រមាណជា ៦០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាសមិទ្ធិផលទាំងអស់នេះបានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ ៧,៣% ក្នុងឆ្នាំ២០១៨នេះ។
សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់ ១១,២១៥ លានដុល្លារ តួលេខនៃការនាំចេញនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹមតែ១០,៧៧៧លានដុល្លារប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនដែរ ដោយមានចំនួន ១៣,៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ១៣,០១៩លានដុល្លារ។
គួរបញ្ជាក់ថា គោលបំណងសន្និបាត ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ដែលក្រសួង និងមន្ទីរពាណិជ្ជកម្ម សម្រេចបានផ្អែកលើទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងពិភាក្សាសំដៅប្រមូលធាតុចូល សម្រាប់ចងក្រងផែនការយុទ្ធសាស្ត្រអនុវត្តការងារពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ជាពិសេសប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាវិស័យឈានមុខមួយ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ហៃ រិសី