កូរ៉េខាងត្បូងផ្ដល់កម្ចី ៦៤ លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់ប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ

ភ្នំពេញ៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ២៦ ធ្នូ​នេះ បានផ្តល់​ឥណទាន​ឲ្យ​កម្ពុជា​ជិត ៦៤លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ថានីយ៍​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន។

ការបង្ហាញ​នេះ ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ឥណទាន​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd របស់​ប្រទេស​កូរ៉េខាងត្បូង។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ថានីយ៍​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ មាន​សមត្ថភាព​ចម្រោះ ៧,៦០០ម៉ែត្រគូប​ក្នុង១ថ្ងៃ សាងសង់​ស្ថានីយ​បូម​ចំនួន ១០ទីតាំង ដែលមាន​សមត្ថភាព​បូ​ម ២៩,៩៥២ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។ ថវិកា​នេះ​នឹង​សាងសង់​បណ្ដាញ​លូ​មុខកាត់​ពី ០,៣ទៅ ១.២ម៉ែត្រ ប្រវែង ៤៣.៣៣គីឡូម៉ែត្រ និង​លូ​មុខកាត់​ពី ០.១ ទៅ ០.៤ ម៉ែត្រ ប្រវែង ៦គីឡូម៉ែត្រ និង​ការងារ​ស្ដារ​ស្ទឹង​ប្រវែង ១៦.៣គីឡូម៉ែត្រ រួមទាំង​ការស្ដារ​ស្ថានីយ​បូម ដែលមាន​ស្រាប់​ក្នុង​ក្រុង​តាខ្មៅ​ដែរ។

លោក​បន្តថា គម្រោង​នេះ​ប្រើ​រយៈពេល​ប្រមាណ ៤៨ខែ ដែលជា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នៅ​ក្រុង​តាខ្មៅ វា​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​សាងសង់​ស្ថានីយ​ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ច្រោះ​សម្អាត​ទឹក​កខ្វក់ ពិសេស​លើកកម្ពស់​បរិស្ថាន ដោយ​ការសាងសង់ និង​បង្កើន​នូវ​ប្រព័ន្ធ​បណ្ដាញ​លូ និង​ការតភ្ជាប់​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ មកកាន់​ស្ថានីយ​ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់​ជាដើម៕