អ្នកជំនាញ៖ ដីធ្លីគាំងលក់មិនចេញ សកម្មភាពទិញ-លក់ក៏​ស្ងាត់ ប៉ុន្ដែតម្លៃមិនធ្លាក់ចុះទេ

ភ្នំពេញ៖ បច្ចុប្បន្ន​កម្ពុជា ក៏ដូចជាពិភពលោក កំពុង​ប្រឈមមុខនឹងបញ្ហា​វិបត្តិកូវីដ១៩ ធ្វើឱ្យវិស័យសេដ្ឋកិច្ច និងវិស័យនានាជាប់គាំងទាំងអស់ ជាពិសេស​សកម្មភាពនៃការវិនិយោគទៅលើគម្រោងអចលនទ្រព្យ ប៉ុន្ដែ គម្រោងដីឡូតិ៍នៅតាមបណ្តាជាយក្រុងនៅមានសកម្មភាពតិចតួចបំផុត។

អ្នកជំនាញបានលើកឡើងថា ស្ថានភាពទីផ្សារដីធ្លីជាប់គាំងហើយ សកម្មភាពទិញ-លក់ក៏ហាក់ដូចជា​ស្ងាត់ឈឹងដែរ ប៉ុន្ដែតម្លៃនៅតែមិនធ្លាក់ចុះទេ ដោយសារហេតុផលមួយចំនួននៅពីក្រោយសកម្មភាព​នេះ​។

​លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate Co,.Ltd បានលើកឡើងថា វិបត្តិកូវីដ១៩ បានជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចកម្ពុជា និងពិភព​លោក​ទាំងមូលជាខ្លាំង។ រីឯវិស័យអចលនទ្រព្យក៏កំពុងខំប្រឹងត្រដររស់ទាំងដង្ហើមចង្រិតដែរ។

លោកបន្តថា វិស័យអចលនទ្រព្យសព្វថ្ងៃហាក់ដូចជាជាប់គាំងលក់មិនចេញ ប៉ុន្ដែចំពោះតម្លៃនៅលើទីផ្សារវិញមិនមានអ្វីប្រែប្រួសទេ ពោលគឺនៅទ្រឹងដដែល ដោយសារគេសង្កេតឃើញគម្រោងហេដ្ឋារចនា​សម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន និងសំណង់នានារបស់រាជរដ្ឋាភិបាលនៅតែដំណើរការជាធម្មតា។ ក្រៅពី​នេះគម្រោងតូចធំថ្មីៗជាច្រើន​ទៀត​នៅតែរដ្ឋាភិបាលអនុម័តឱ្យដំណើរការជាហូរហែរ។

លោកបញ្ជាក់ថា៖«បើសិនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ​របស់រាជរដ្ឋាភិបាលនៅតែបន្ត​ដំណើរ​ការ​បែប​នេះ គឺ​តម្លៃអចលនទ្រព្យ​របស់ឯកជន ក៏គ្មានអ្វីប្រែប្រួលដែរ គឺគ្រាន់តែនៅទ្រឹងប៉ុណ្ណឹង។ រីឯសកម្មភាព​ជួញដូរ ឬទិញលក់វិញ គឺនៅគាំងបន្ដិច ប៉ុន្ដែក៏មានអ្នកមានលុយខ្លះឆ្លៀតឱកាសទិញទុកផងដែរ»។

អ្នកជំនាញរូបនេះថា អ្នកមានលុយមួយចំនួនគួរតែឆ្លៀតក្នុងឱកាសនេះទិញដី ឬទិញអចលនទ្រព្យនានា​ទុក​យកចំនេញ។ នៅក្នុងអំឡុងឆ្នាំនេះ មិនបានចំនេញក៏ពិតមែន ប៉ុន្ដែរយៈពេល ៣ឆ្នាំទៅមុខ ធានាថា នឹងចំនេញជាក់ជាមិនខាន គ្រាន់តែបានតិច ឬច្រើនអាស្រ័យលើទីតាំងដី ឬទំហំដីប៉ុណ្ណោះ។​

លោក ឈុនហ៊ាត បន្ថែមថា បើទោះបីជាទីផ្សារដីឡូតិ៍មានច្រើនគម្រោង និងច្រើនខេត្តក្រុង ខណៈដែលមនុស្សជាច្រើននៅតែមានតម្រូវការទិញសម្រាប់សាងសង់លំនៅដ្ឋាន ឬទិញសម្រាប់វិនិយោគបន្តយកចំណេញពិតមែន ប៉ុន្តែមិនប្រាកដថា គ្រប់គម្រោងទាំងអស់សុទ្ធតែអាចធ្វើបានជោគជ័យទាំងអស់នោះទេ។

លោកបញ្ជាក់ថា គម្រោងមួយអាចទទួលបានភាពជោគជ័យទៅរួច លុះត្រាតែអ្នកដែលទទួលគម្រោង និងជាអ្នកដឹកនាំក្រុមភ្នាក់ងារមានចំណេះដឹង និងការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ដោយចៀសវាងការទទួលយក គម្រោង​គេ​ហើយលក់មិនចេញ ដែលក្រៅពីខាតបង់ធនធាន ពេលវេលា ថែមទាំងខូចកេរ្តិ៍ឈ្មោះថែមទៀត៕