ដើមឆ្នាំ២០២១នេះ! ការនាំចេញអង្កររបស់កម្ពុជា ធ្លាក់ចុះរហូតជាង៤០ភាគរយ

យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គិតត្រឹម រយៈពេល២ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ជាង ៦៤លាន៥សែនដុល្លារអាម៉េរិក និងក្នុងបរិមាណ ៧៦ ២២២តោន។ ការនាំចេញក្នុងរយៈ ពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

សេចក្តីប្រកាសដដែលបានឱ្យដឹងថា ការថយចុះនេះគឺបណ្តាលមកពី មូលហេតុ ចម្បងដោយសារកង្វះកុងតឺន័រ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០ភាគរយ នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។

តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា សម្រាប់ទិសដៅទីផ្សារនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលរួមទាំង ហុងកុង និងម៉ាកាវផងនោះ នៅតែជាទីផ្សារធំជាងគេ ដែលមានចំណែក ដល់ទៅជិត ៥០ភាគរយ ស្មើនឹងបរិមាណសរុបជាង ៣៧,០០០ តោន។

ចំណែកឯទីផ្សារធំទី២ ខាងប៉ែក សហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែកជិត ២៥ ភាគរយ គិតជាបរិមាណ ចំនួនជាង១៨,០០០ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេស បារាំង ដែលមានចំនួន ៨,៨៥០តោន។ រីឯទីផ្សារបន្ទាប់ ដែលមានចំណែក ៨ភាគរយ គឺជាទីផ្សារអាស៊ានរួមមាន៖ ម៉ាឡេស៊ី និងសិង្ហបុរី ដែលមានចំនួនជាង ៦,២០០តោន និងចំណែក ១៨ភាគរយផ្សេងទៀត ជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមានជាង ១៣, ០០០តោន ក្នុងនោះ រួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង នូវែលសេឡង់ជាដើម។

ទាក់ទិន ប្រភេទអង្ករដែលកម្ពុជា បាននាំចេញក្នុងរយៈពេល០២ខែ ឆ្នាំ ២០២១នេះ ចំណែកធំជាង គេជាង៨៥ភាគរយ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន៖ ផ្ការំដួល ម្លិះ និងសែនក្រអូប ជាដើម ដែលមានបរិមាណសរុបចំនួន ជាង ៦៥,០០០តោន។ ចំណែក អង្ករស ត្រូវបាននាំ ចេញជាង ១ម៉ឺនតោន និងអង្ករចំហុយចំនួន ៧៣២ តោន៕