ជាង 1 ពាន់ ក្រុមហ៊ុន នៅប្រទេសជប៉ុនបានក្ស័យធនដោយសារវិបត្តិកូវីដ 19

ជប៉ុន៖ ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយបាននិយាយថា ក្រុមហ៊ុនប្រហែលជាចំនួនជាង 1100 នៅក្នុងប្រទេសជប៉ុនបានក្ស័យធនដោយរាប់ចាប់តាំងពីខែកុម្ភៈឆ្នាំមុនមកដោយសារតែការវាយលុកពីវិបត្តិវីរុសកូវីដ 19។

ក្រុមហ៊ុន Teikoku Databank បាននិយាយថា មានក្រុមហ៊ុនចំនួនជាង 1100 បានបញ្ចប់ ឬបានកំពុងរៀបចំការបិទ ឬបញ្ចប់ក្រុមហ៊ុនជាលក្ខណៈផ្លូវច្បាប់ដោយសារតែវីរុសនេះបើគិតត្រឹមថ្ងៃពុធ ទី 3 ខែមីនានេះ។

បារ និងភោជនីយដ្ឋានត្រូវបានរាប់ក្នុងបញ្ជីនេះដោយមានចំនួន 172 ក្រុមហ៊ុនសាងសង់មានចំនួន 92 និងសណ្ឋាគារ ឬផ្ទះសំណាក់មានចំនួន 79។

បន្ថែមពីនេះផងដែរ នៅទីក្រុងតូក្យូមានក្រុមហ៊ុនប្រកាសក្ស័យធនចំនួន 264 នៅទីក្រុងអូសាកា មានក្រុមហ៊ុនក្ស័យធនចំនួន 108 និងនៅខេត្តកាណាហ្គាវា មានក្រុមហ៊ុនក្ស័យធនចំនួន 64។

ក្រុមហ៊ុន Teikoku Databank ចង្អុរបង្ហាញថា ចំនួនក្រុមហ៊ុនដែលក្ស័យធនមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានទាំងបារ និងភោជនីយដ្ឋាននៅតំបន់ដែលស្ថិតក្រោមការប្រកាសអាសន្នរបស់រដ្ឋាភិបាល។

ក្រុមហ៊ុននោះបាននិយាយបន្ថែមទៀតថា ប្រសិនបើសេចក្ដីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះនៅតែបន្តសម្រាប់ទីក្រុងតូក្យូ និងខេត្តជិតនោះចំនួន 3 ទៀតនោះ ការចំណាយថវិកាផ្ទាល់ខ្លួននឹងមានរយៈពេលយូរ ហើយជៀសមិនរួចពីការក្ស័យធននោះឡើយ៕

ប្រភព៖ NHK