ក្រសួងប្រកាសឲ្យអ្នកនាំទំនិញទៅអឺរ៉ុបទៅចុះបញ្ជីឈ្មោះអ្នកនាំទំនិញរបស់សហភាពអឺរ៉ុប

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី៣១ ខែធ្នូ​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ប្រាប់​ឲ្យ​ផលិតករ អ្នក​នាំចេញ​ទាំងអស់​ដែលមាន​បំណង​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប (EU) ឲ្យ​មក​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​បញ្ជី​អ្នក​នាំចេញ​របស់​សភាព​អឺរ៉ុប នៅ​នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម។

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា៖«ក្រសួងពាណិជ្ជកម្ម​សូម​អំពាវនាវ​ដល់​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​ដែលមាន​បំណង នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប (EU) ស្ថិតក្រោម​គម្រោង «ការអនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែង​គ្រឿង​សព្វាវុធ (EBA)» រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​ប្រទេស​ណ័​រវេ​ស, ប្រទេស​ស្វី​ស និង​ប្រទេស​ទួរគី សូម​អញ្ជើញ​មក​ដាក់​ពាក្យសុំ​ចុះឈ្មោះ ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter System – REX) របស់​សហភាព​អឺរ៉ុប​នៅ​នាយកដ្ឋាន​នាំចេញ-នាំចូល នៃ​ក្រសួងពាណិជ្ជកម្ម»។

សេចក្ដីជូនដំណឹង​បញ្ជាក់ទៀតថា ការអំពាវនាវ​ឲ្យ​ផលិតករ និង​អ្នក​នាំ​ចេញទៅ​ដាក់​ពាក្យសុំ​ចុះឈ្មោះ ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ​នេះ​គឺ ដើម្បី​មាន​នីតិសម្បទា​ក្នុងការ​ប្រកាស​ប្រភពដើម (Statement on Origin) ជំនួស​ឱ្យ​ការប្រើប្រាស់​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​អេ​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ៕