
សៀមរាប: គ្រឺះស្ថានអង្គរនៅថ្ងៃទី០១ មករានេះ បានបង្ហាញថា នៅក្នុងរយៈពេល១២ខែឆ្នាំ២០១៨កន្លងមកនេះគ្រឹះស្ថានអង្គរបានប្រមូលចំណូលពីការលក់ប័ណ្ណឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានចំនួនជាង ១១៦លានដុល្លារអាមេរិក។
ចំនួននេះ មានការកើនឡើង៨.០៣ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំ២០១៧ ហើយមានភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន២.៥៩០.៨១៥នាក់ កើនឡើង៥.៤៥ភាគរយប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
ទន្ទឹមនេះ ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៨កន្លងមក គ្រឹះស្ថានអង្គរក៏បានឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន៥.១៨១.៦៣០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ខែធ្នូឆ្នាំ២០១៨គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន១២.១១៩.១៥៤ដុល្លារអាមេរិក មានការថយ១.៥៩ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំ២០១៧៕