ប្រាក់ចំណូលពីការនាំចេញឈើ និងផលិតធ្វើអំពីឈើ នៅប្រទេសវៀតណាម កើនឡើងជិត ៥០ភាគរយជារៀងរាល់ឆ្នាំ

វៀតណាម៖ គិតត្រឹមខែមីនា ឆ្នាំ ២០២១ នេះ ប្រទេសវៀតណាម រកចំណូលបានប្រមាណ ១,៥២ ពាន់លានដុល្លារពីការនាំចេញឈើ និងផលិតផលធ្វើអំពីឈើ ដូច្នេះសរុបរយៈពេល ៣ខែនៃដើមឆ្នាំនេះ ប្រទេសមួយនេះរកចំណូលបានប្រមាណ ៣,៩៤ ពាន់លានដុល្លារ ពោលគឺកើនឡើង ៤១.៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។

យោងតាមរដ្ឋបាលព្រៃឈើវៀតណាម ដែលស្ថិតក្រោមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ទីផ្សារនាំចេញសំខាន់ៗសម្រាប់ឈើ និងផលិតផលធ្វើអំពីឈើ របស់វៀតណាមគឺសហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និងសាធារណរដ្ឋកូរ៉េ មានចំនួនរហូតដល់ ៩០ ភាគរយនៃតម្លៃសរុប។

ទន្ទឹមនឹងនេះដែរតម្លៃនាំចូលឈើនិងផលិតផលឈើត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២២៧ លានដុល្លារក្នុងខែមីនានិង ៧០៩,៦ លានដុល្លារនៅក្នុងត្រីមាសទី ១ កើនឡើង ៣១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋបាលព្រៃឈើវៀតណាមក៏បានរាយការណ៍ផងដែរថា នៅទូទាំងប្រទេសមានផ្ទៃដីដាំដើមឈើ ៣១.៤៩៨ ហិកតា គិតមកទល់ពេលនេះគឺកើនឡើង ១៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕