មន្ទីរសាធារណការ ខេត្តបាត់ដំបង កំពុងសម្រុកជួសជុលកំណាត់ផ្លូវ១៥៩B១

កំណាត់ផ្លូវ១ខ្សែប្រវែង១៣គីឡូម៉ែត្រ ដែលរងគ្រោះដោយសារទឹកជំនន់នៅឆ្នាំ២០២០ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សម្រុកស្ថាបនា និងជួសជុលបង្ហើយចុងក្រោយគេ បើទោះបីជាក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងប្រឈមនិងជំងឺកូវីដ-១៩ក្តី ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង បានឱ្យដឹងថា ផ្លូវ មួយខ្សែនេះរងគ្រោះដោយទឹកជំនន់នាឆ្នាំកន្លងមក ត្រូវបានស្ថាបនា បញ្ចប់គម្រោង ចុងក្រោយគេ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា កំណាត់ផ្លូវប្រវែង១៣គីឡូម៉ែត្រនេះ ស្ថិតក្នុងភូមិសាស្រ្តឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលក្នុងនោះមានពីរកំណាត់ មួយកំណាត់ចាក់កៅស៊ូប្រភេទDBST មាន បណ្តោយ១៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងកំណាត់ផ្លូវមួយទៀតជាប់គ្នា ជួសជុសចាក់ក្រួសក្រហម ប្រវែង១១គីឡូម៉ែត្រកន្លះ ទទឹង៦ម៉ែត្រ ។លោកបញ្ជាក់ថា កំណាត់ផ្លូវស្ថិតនៅចំណុចផ្លូវ១៥៩B១ ក៏មានការកាយប្រឡាយបង្ហូរទឹក ដើម្បីកុំឱ្យមានទឹកដក់ ធ្វើឱ្យឆាប់ខូចផ្លូវផងដែរ។

គួរជម្រាប់ថា កាលពីថ្ងៃទី៣១ ខែមីនា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំឱ្យមន្ទីរសាធារណការធ្វើយ៉ាង ណាឱ្យកំណាត់ផ្លូវ ដែលស្ថាបនានេះមានគុណភាពខ្ពស់ និង ត្រូវបន្តថែទាំជាប្រចាំផងដែរ ដើម្បីឱ្យពលរដ្ឋប្រើប្រាស់ ក្នុងការ ធ្វើដំណើរឬដឹកជញ្ជូនកសិផល បានយូរអង្វែង ។

គួររម្លឹកថា ជំនន់ទឹកភ្លៀងនាឆ្នាំ២០២០កន្លងទៅ បានធ្វើឱ្យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាឃុំស្រុកនានាក្នុងខេត្តបាត់ដំបង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុវត្តន៍ផ្ទាល់ដោយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុល និងស្ថាបនាឡើងវិញជាបន្តបន្ទាប់ ៕