ជប៉ុនផ្តល់ថវិកាជិត ១លានដុល្លារមកកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បាន​ផ្តល់ថវិកាជិត ១លានដុល្លារមកកម្ពុជាតាមរយៈអង្គការយូនីសេហ្វ ប្រ​ចាំប្រ​ទេសកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី០១ ខែមេសានេះបានឱ្យដឹងថា ថវិកាជិត ១លានដុល្លារ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យកម្ពុជានេះ ជាកញ្ចប់មួយនៃថវិកាជិត ៣៦.៩លានដុល្លារ ដែលជប៉ុនផ្តល់ឱ្យអង្គការយូនីសេហ្វ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន ១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

​សេចក្តីប្រកាសព័ត៌មានបន្តថា ថវិកាជិត ១លានដុល្លារនៃថវិកាសរុបនឹងត្រូវដកមកប្រើប្រាស់ ដើម្បី​គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ១៩ ជាពិសេសដើម្បីបង្កើ​នសមត្ថភាពនៃប្រព័ន្ធត្រជាក់តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូ​ន និងផ្ត​ល់ការបណ្ដុះបណ្ដាល ដល់បុគ្គលិកសុខាភិបាល។

សមត្ថភាពនៃប្រព័ន្ធត្រជាក់មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការដឹកជញ្ជូនវ៉ាក់សាំង ដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ ដើម្បីរក្សាប្រសិទ្ធភាព រាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោក ​MIKAMI Masahiro​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើង​ថា «ការចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រាជរដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំង នៅប្រទេសកំពុងអភិវឌ្ឍ។

លោកថា បទពិសោធ ច្រើនឆ្នាំរបស់យូនីសេហ្វ ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តកម្មវិធីផ្ដល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យយើងមានទំនុកចិត្តទាំងស្រុងថា ថវិកាជំនួយនេះពិតជានឹងនាំឱ្យសម្រេចបាននូវលទ្ធផលវិជ្ជមាន យ៉ាងធំធេងមកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

លោកបញ្ជាក់ថា យើងនឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ពេលដែលយើងអាចនិយាយបានយ៉ាងពិតប្រាកដថា យើងពិតជាបានទប់ស្កាត់បានទាំងស្រុង និងអាចស្តារទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»។

លោកបន្តថា ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេ តែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វ ត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាប័នដឹកនាំកិច្ចលទ្ធកម្ម និងការផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានបំពេញតួនាទីជាស្ថាប័នដឹកនាំការងារបច្ចេកទេស រយៈពេល៣ទសវត្សរ៍មកហើយ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការពង្រឹងកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ជាតិ ដែលផ្ដល់ជាប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។

លោកស្រី ​Foroogh Foyouzat​ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹង​ថា «យើងសូមអរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កម្ពុជា ក្នុងពេលដ៏ចាំបាច់នេះ ជាពិសេសក្នុងពេល ដែលចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ ជំងឺរាតត្បាតជាសកល ពុំស្គាល់ព្រំដែននោះឡើយ ហើយវ៉ាក់សាំងត្រូវតែបានផ្តល់ ទៅដល់មនុស្សដែលងាយឆ្លងមេរោគនេះជាងគេ និងមុនគេ។

លោកស្រីបន្តថា មូលនិធិដែលផ្ដល់ដោយរាជរដ្ឋាភិបាលជប៉ុន មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីជួយឱ្យយើងទាំងអស់គ្នា អាចបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការច៉ាក់វ៉ាក់សាំងកូវីដ-១៩ ហើយស្របពេលជាមួយគ្នាដែរ បន្តពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ នេះគឺជាជំហានមួយដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិនេះ»