រោងចក្រផលិតកាបូប និងកាត់ដេរសម្លៀកបំពាក់ចំនួន៣ថ្មីទៀត ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ

ភ្នំពេញ៖ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)បានអនុម័ត​ឲ្យ​បើក​ដំណើរការ​គម្រោង​វិនិយោគ​បើក​រោងចក្រ​ផលិត​កាបូប និង​រោង​កាត់ដេរ​សម្លៀកបំពាក់​ថ្មី​ចំនួន៣គ្រោង​ទៀត ក្រោម​ទុនវិនិយោគ​ជាង២០លាន​ដុល្លារ​អាមេរិក ដោយ​បង្កើត​ការងារ​ថ្មី​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ពាន់​កន្លែង។

តាម​គេហៈទំព័រ​ហ្វេ​ស​ប៊ុ​ក(Facebook) ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ផ្សាយ​នៅ​ថ្ងៃទី០៨ ខែមករា​នេះ​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

ទី១-MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២.១២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៥កន្លែង។

ទី២-THE SOUL GEAR (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ ១៤,៩៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣,៩០៤កន្លែង។

 

និង​ទី៣-JIE RUI FENG (CAMBODIA) LEATHER CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣.៦៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៩០កន្លែង៕