ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រថភ្លើង​ថ្មី៣គ្រឿង នឹង​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ: បន្ទាប់ពី​ក្បាលរថភ្លើង​ថ្មី​ទើប​មកដល់​ប្រទេស​កម្ពុជា​ចំនួន៣គ្រឿង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា នឹងត្រូវ​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឆាប់ៗនាពេល​ខាងមុខនេះ។

ការ​ថ្លែង​នេះ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី៩ មករា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ក្បាលរថភ្លើង​ចំនួន៣គ្រឿង​ដែល​មកដល់​ក្រុងព្រះសីហនុ ក្រោយ​បញ្ជា​ទិញ​ពី​បរទេស​នេះ នឹងត្រូវ​ធ្វើ​ពិធី​សម្ពោធ ដាក់​ឲ្យ​ដំណើរការ​ឲ្យ​ប្រើប្រាស់​សម្រាប់​ការ ដឹកជញ្ជូន​លើផ្លូវ​ដែក​ទាំង​ការតភ្ជាប់​ពី​ស្ថានីយ​អាយ​ស្ម័​យាន​ភ្នំពេញ ទៅកាន់​កំណត់​ខ្សែ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុងព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា-ថៃ។

ឯកឧត្តម​បន្តថា ខ្សែ​រថភ្លើង​ភាគ​ទិសពាយ័ព្យ​របស់​កម្ពុជា​ដែល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា-ថៃ ហើយ​ភ្ជាប់​ដល់​ប្រទេស​សិង្ហបូរី​នោះ នឹងត្រូវ​ត​ភ្ជាប់​នាពេលឆាប់ៗនេះ ដើម្បី​ប្រែក្លាយជា​ច្រក​ភស្តុភា​រកម្ម​ភ្ជាប់​រវាង​កម្ពុជា​ទៅកាន់​តំបន់។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ទាំងនេះ គឺ​ដើម្បី​ផ្តល់​ជម្រើស​ក្នុងការ​ធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ កាត់បន្ថយ​ការចំណាយ ចំណេញ​ពេលវេលា ព្រមទាំង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​វ៉េ របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​ទទួល​សិទ្ធិ​សម្បទាន​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ក្បាលរថភ្លើង​ថ្មី​ចំនួន៣គ្រឿង​ពី​ប្រទេស​ម៉ិចស៊ីកូ ដោយ​ក្នុង​ក្បាលរថភ្លើង​មួយ​តម្លៃ​ប្រហែល១លាន​ដុល្លារ​អាមេរិក បន្ថែម​ពី​ក្បាលរថភ្លើង​មាន​ស្រាប់​ចំនួន២គ្រឿង សម្រាប់​ដឹក​អ្នកដំណើរ​តាម​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវដែក។ ក្បាលរថភ្លើង​នេះ ត្រូវ​ភ្ជាប់​នឹង​ទូរ​រថភ្លើង​ដែល​អាច​ផ្ទុក​ចំនួន​អ្នកដំណើរ​ជាង១០០នាក់។

ផ្លូវដែក​ភាគ​ខាងជើង​នេះ ត្រូវបាន​ទុកជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្ដានុពល​ក្នុងការ​ដឹកជញ្ជូន​ផលិតផល​នានា​របស់​បងប្អូន​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិសេស​លើសពីនេះទៅទៀត គឺ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ ដែល​ប្រជាពលរដ្ឋ​អាច​ដឹកទំនិញ​ពី​កម្ពុជា​ទៅ​ថៃ និង​ដឹកទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព​ខ្ពស់ និង​ចំណាយ​តិច ព្រោះថា ផ្លូវដែក​នេះ​នឹងត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ប្រទេស​ថៃ នាពេលខាងមុខ​ដ៏​ខ្លី​នេះ។ មួយផ្នែក​ទៀត ផ្លូវ​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ គ្រោះ​ថា្នក់​ចរាចរណ៍ និង​ផ្ដល់​ការប្រកួតប្រជែង​ក្នុង​វិស័យ​ដឹកជញ្ជូន៕