
ភ្នំពេញ៖ ធនាគារជាតិកម្ពុជា នៅថ្ងៃទី ០៩ មករានេះ បានសម្រេចបិទគ្រឹះស្ថានឥណទានជនបទចំនួន៤ បន្ថែមទៀត ដោយសារតែពួកគេមិនបានគោរពច្បាប់ និងបទប្បញ្ញតិ្តដែលមានជាធរមាននៅប្រទេសកម្ពុជា ខណៈកាលពីឆ្នាំ២០១៨ គ្រឹះស្ថានឥណទានចំនួន ៥០ ត្រូវបិទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជាបង្ហាញថា«ធនាគារជាតិកម្ពុជាសូមជំរាបជូនសាធរណៈជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប់ថា ធនាគារជាតិ សម្រេចដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទានជន (ប្រតិបត្តិករឥណទានជនបទ)ចំនួន ៤ ដូចខាងក្រោម៖ និរត្តន៍ ហ្វាយនែន ម.ក, សកល ហិរញ្ញវត្ថុ ម.ក, អង្គការ រូបិយបណ្ណខ្មែរ (ខេ.អឹម) និងស៊ីស៊ី ហ្វាយនែន ម.ក ផងដែរ»។
ក្នុងន័យនេះ ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា គ្រឹះស្ថានឥណទានជនបទប្រមាណ ៥០ ដែលមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដែលក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការ ដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជាផ្ទាល់តែម្តង។
លោកបានបន្តថា ស្របពេលដែលធនាគារជាតិសម្រេចបិទគ្រឹះស្ថានទាំងនោះ អត្រាអតិផរណាមានកម្រិតមធ្យម២,៦ ភាគរយ ហើយអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់៤.០៣៧ រៀលក្នុងមួយដុល្លារអាមេរិក។ ស្ថិរភាពនេះបានបន្តពង្រឹងទំនុក ចិត្តរបស់ភ្នាក់ងារសេដ្ឋកិច្ចក្នុងការបង្កើនការវិនិយោគ ការប្រើប្រាស់ និងសកម្មភាព ពាណិជ្ជកម្មនានា ស្របតាមការកើនឡើង ចំណូលដែល ផ.ស.ស. ក្នុងមនុស្សម្នាក់ៗរំពឹងថានឹងកើនឡើងដល់១.៥៦៣ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨នេះ៕