សណ្ឋាគារ តារាអ៊ែរផតសុីធីហូតែល និងស្ប៉ា ប្រកាសតែងតាំងអគ្គនាយកគ្រប់គ្រងទូទៅថ្មី

ភ្នំពេញ: សណ្ឋាគារ តារាអ៊ែរផតសុីធីហូតែល និងស្ប៉ា ដែលជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំងអស់របស់តារាហូតែលគ្រុបនៅទីក្រុងភ្នំពេញ បានប្រកាសតែងតាំងលោក Weng Aow ជាអគ្គនាយកគ្រប់គ្រងទូទៅថ្មី។

ក្នុងតួនាទីថ្មីនេះលោក Weng មានទស្សនវិស័យច្បាស់លាស់ក្នុងការត្រួសត្រាយផ្លូវដើរសម្រាប់សណ្ឋាគារនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ ជាមួយនឹងបទពិសោធក្នុងវិស័យសណ្ឋាគារអស់រយះពេលជាង២៨ឆ្នាំកន្លងមកនេះ លោក Weng នឹងនាំមកនូវចំណេះដឹងនិងជំនាញវិជ្ជាជីវៈដែលមានសក្តានុពលដ៏ធំធេងនៅក្នុងការគ្រប់គ្រងនិងការប្រតិបត្តិការរបស់សណ្ឋាគារ។

លោកបានចាប់ផ្តើមអាជីពបដិសណ្ឋារកិច្ចនៅ Raffles ប្រទេសសិង្ហបុរី និងបានធ្វើការទាំងក្នុងផ្នែកហិរញ្ញវត្ថុក៏ដូចជាផ្នែកគ្រប់គ្រងបន្ទប់មុនពេលបោះជំហ៊ានក្លាយជាអគ្គនាយក។

លោក Weng ក៏ធ្លាប់បម្រើរការងារនៅក្នុងក្រុមហ៊ុនបដិសណ្ឋារកិច្ចផ្សេងៗគ្នាមុនពេលចូលរួមជាមួយសណ្ឋាគារ តារាហូតែលគ្រុប រួមមានសណ្ឋាគារ Accor សណ្ឋាគារបដិសណ្ឋារកិច្ច Soluxe សណ្ឋាគារសុខានិងរីសត និងសណ្ឋាគារ អង្គរផាលេសនិងស្ប៉ា។

ជាមួយភាពជាអ្នកដឹកនាំ ការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យបដិសណ្ឋារកិច្ច ធានាអោយបាននូវបទពិសោធនៃការស្នាក់នៅដ៏ល្អសម្រាប់ភ្ញៀវ ជំនាញការលក់ និងចំណេះដឹងយុទ្ធសាស្រ្តដ៏ទូលំទូលាយ លោក Weng មានរំពឹងយ៉ាងមុតមាំក្នុងការបន្តប៉េសកកម្មនិងបង្កើតកំណត់ត្រាថ្មីនៅសណ្ឋារគារតារាអ៊ែរផតសុីធីហូតែលនិងស្ប៉ា។

ក្រៅពីតួនាទីជាថ្នាក់ដឹកនាំសណ្ឋាគារ លោក Weng ក៏មានតួនាទីជាអនុប្រធានសមាគមន៏សណ្ឋាគារកម្ពុជា សៀមរាប Chapter និងធ្លាប់បម្រើការជាអ្នកឃ្លាំមើលប្រចាំខេត្តសៀមរាបសម្រាប់ស្ថានទូតសឹង្ហបុរី។

សណ្ឋាគារតារាគឺជាឈ្មោះដែលចេញពីគំនិតផ្តួចផ្តើមរបស់វិនិយោគគិនកម្ពុជានៅដើមទស្សវត្សឆ្នាំ ២០០០ ដែលបានសម្រេចចិត្តចូលរួមបង្កើតក្រុមបដិសណ្ឋារកិច្ចមួយនៅកម្ពុជា។

ចក្ខុវិស័យរបស់សណ្ឋាគារតារាគឺដើម្បីអភិវឌ្ឍន៏វិស័យសណ្ឋាគារអោយមានគុណភាពនៅតាមទីតាំងយុទ្ធសាស្រ្តទូទាំងប្រទេស។ តារាហូតែលគ្រុបរួមបញ្ជូលនូវជំនាញឯកជនចំនួន៨ទូទាំងប្រទេសកម្ពុជា មានដូចជាសណ្ឋាគារឯករាជ្យ សណ្ឋាគារតារាអ៊ែរផតសុីធីហូតែលនិងស្ប៉ា សណ្ឋាគារអូឡាំព្យាសីុធី សណ្ឋាគារតូយ៉ូកូអិុន The Sixties រេសីុដិន The Elysee រេសីុដិន ក្លឹបហាត់ប្រាណ ជូវ័ននេស និងជូវ័នស្ប៉ា៕