ច្បាប់ធ្វើពាណិជ្ជកម្មតាមអនឡាញ គ្រោងដាក់ឲ្យប្រើប្រាស់នៅ​ឆ្នាំ២០១៩នេះ

ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួល ​សុវត្ថិភាពដល់អ្នកទិញ និងអ្នកលក់លើការប្រកបអាជីវកម្ម លក់​ដូរទំនិញតាមប្រព័ន្ធអនឡាញ​ កម្ពុជាគ្រោងនឹងដាក់ដំណើរការច្បាប់ពាណិជ្ជកម្មអនឡាញ (E-Commerce​) ​នៅក្នុង​ឆ្នាំ២០១៩នេះ។

ការបង្ហាញនេះ ក្នុងសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតំបន់ជនបទ ក្នុងប្រទេសកម្ពុជា ​នៅថ្ងៃទី១០ ​មករានេះ លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឲ្យដឹង ​ច្បាប់ពាណិជ្ជកម្មអនឡាញដែលគ្រោងដាក់ចេញនេះ ត្រូវបានគណៈរដ្ឋមន្ត្រីកំពុងពិនិត្យ លើសំណុំឯកសារមួយចំនួន ដោយគេបានព្យាករណ៍ថា នឹងត្រូវចេញជារូបរាងនៅក្នុងឆ្នាំនេះ។

លោកបន្ដថា«ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ ដើម្បីជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារកាន់តែទូលំទូលាយមានន័យថា ប្រជាជននៅកម្ពុជាមានប្រមាណ១៦លាននាក់ តែប្រសិនបើយើងលក់ទំនិញធម្មតា លក់បានត្រឹមតែ១៦លាននាក់ ប៉ុន្ដែបើលក់តាមប្រព័ន្ធអនឡាញ នឹងលក់បានច្រើនជាងនេះ មិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ តែលក់ដល់បរទេសថែមទៀតផង»។

លោកបន្ថែមថា ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ពុជា ព្រោះផ្ដល់ប្រយោជន៍ដល់អ្នកលក់ និងអ្នកទិញមានន័យថា នៅពេលច្បាប់នេះចេញជាផ្លូវការ អ្នកលក់មិនអាចបោកប្រាស់អ្នកទិញ ដោយប្រការផ្សេងៗដូចជា៖​ ទំនិញមិនដូចរូបភាព, ទំនិញគ្មានគុណភាព, គ្មានភាពទទួលខុសត្រូវលើការដឹកជញ្ជូន ឲ្យអតិថិជនផ្ញើលុយតែមិនផ្ញើទំនិញជាដើម។ ដោយឡែកសម្រាប់អ្នកទិញក៏ដូចគ្នាដែរគឺ មិនអាចបោកប្រាស់អ្នកលក់ ដោយប្រការផ្សេងៗឡើយ។

លោកឲ្យដឹងថា ប្រសិនបើគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ នោះវិស័យនេះនឹងមិនរីកលូតលាស់លឿន ដូចបណ្ដាប្រទេសជិតខាងឡើយ មួយវិញទៀតកាលណាអត់មានច្បាប់ទម្លាប់ត្រឹមត្រូវ អាចបណ្ដាលឲ្យមានជម្លោះ ហើយបើមានជម្លោះគឺមិនអាចដោះស្រាយ បានព្រោះតែគ្មានច្បាប់។​

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា តាំងពីដើមរហូតដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មនៅកម្ពុជាត្រូវពឹងផ្អែក លើការទូទាត់ប្រាក់សុទ្ធ និងត្រូវទៅដល់ទីតាំងទំនិញផ្ទាល់តែម្ដង កត្តាទាំងនេះធ្វើឲ្យខាតពេលវេលា, ខាតបង់ប្រាក់កាស និងផ្ដល់កត្តាហានីភ័យសម្រាប់អ្នកលក់ និងអ្នកទិញ៕