
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យទុកស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍នៅតាមច្រកទ្វារព្រំដែន ដោយស្ថាប័នផ្សេងពីរនេះ ត្រូវតែដកចោលទាំងអស់ ព្រោះស្ថានទាំងនេះ ជាឧបសគ្គរាំងស្ទុះដល់ការធ្វើពាណិជ្ជកម្ម និងគ្មានប្រយោជន៍អ្វីច្រើនទេ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែននេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបសំណេះសំណាលអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នា២០១៩នេះ។
ការសម្រេចយ៉ាង ដូច្នេះរបស់សម្តេចប្រមុខរារដ្ឋាភិបាល ដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅក្នុងការនាំចេញ នាំចូល និងដោះស្រាយការកាត់បន្ថយតម្លៃដើម ចំពោះការនាំចេញ។
សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំបានសម្រេចអំបាញ់មិញនេះ មាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការឲ្យស្ថានប័ណ្ណណា ក្រៅពីអន្តោប្រវេសន៍ និងមន្រ្តីគយទេ ឲ្យតែពីរហ្នឹងទេ ក្រៅពីហ្នឹងដកចេញឲ្យអស់ ទាំងអាកាំកុងត្រូល ទាំងអាអីផ្សេងទៀត ត្រូវដកទាំងអស់ ព្រោះអាហ្នឹងវាកើតជាឧបសគ្គនៃការរាររាំងនៃការនាំចេញ នាំចូល ទៅវិញទេ អ៊ីចឹងបើទុកវានាំតែខាតទេ ឲ្យវាចេញមក ហើយទុកតែពីរស្ថានប័ណ្ណហ្នឹងបានហើយ»។
បន្ថែមលើនេះ សម្ដេចបានបង្គាប់ឲ្យបញ្ចុះតម្លៃស្គេន និងតម្លៃត្រួតពិនិត្យទំនិញតាមច្រកព្រំដែន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នករកស៊ីនាំទំនិញចេញចូលទាំងអស់។«មុនមកទីនេះខ្ញុំបានធ្វើរឿងមួយគឺ សម្រួលតាមច្រកព្រំដែន គឺតាមច្រកព្រំដែន ទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះចំណែកស្ថាប័នផ្សេងៗត្រូវជម្រុះចោល»។
ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាគ្មានការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជាមិនស្លាប់នោះដែរ៕