ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចំណាយថវិកា ២៧៣ លានដុល្លារត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ភ្នំពេញ: គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ (ផ្លូវជាតិ​លេខ៤-ផ្លូវជាតិ​លេខ១) ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​ប្រវែង​សរុប ៥២, ៩៨៣គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​សម្តេច ហ៊ុន សែន។

ផ្លូវ​នេះ ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី ភ្នំពេញ ប្រវែង១៥,៤២៤គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង៣៧,៥៥៩គីឡូម៉ែត្រ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវជាតិ​លេខ៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤ + ៨៤០ នៃ​ផ្លូវជាតិ​លេខ។

ឯកឧត្ដម ស៊ុន ចាន់ថុល បាន​ថ្លែងថា គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣ លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា  សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Shanghai Construction Group Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​រយៈ ពេល​សាងសង់​ចំនួន ៤២ខែ ចាប់ពី​ខែធ្នូ ឆ្នាំ២០១៨ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ២០។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣នេះ​ត​ភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ៦ កាត់​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ពាន​ឈ្នះ​ឈ្នះ ផ្លូវជាតិ​លេខ៥ កាត់​តាម​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២១ ឆ្លងកាត់​ទន្លេបាសាក់ ព្រមទាំង​កោះអន្លង់ចិន និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ១ ដែល​នឹង​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​មួយ បម្រើ​ដល់​ការដឹកជញ្ជូន​រវាង​រាជធានី​ភ្នំពេញ ពិសេស​ត​ភ្ជាប់​ទៅ​ចំណត​ផែ​កុង​តេ​ន័​រ​ថ្មី របស់​កំពង​ផែ​ស្វយ័ត​ភ្នំពេញ​នៅ​ស្រុក​កៀនស្វាយ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា៖ ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣នេះ មាន​អត្ថប្រយោជន៍ ជួយ​ដល់​ការចូលរួមចំណែក​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្លាប់មាន​កន្លងមក និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បន្ថែមទៀត ខណៈពេល ដែល​រាជធានី​ភ្នំពេញ កំពុង​ត្រូវបាន​ពង្រីក​កាន់តែ​ធំទៅៗ ស្របតាម​កំណើនប្រជាជន និង​ការអភិវឌ្ឍ ដែល​ធ្វើឱ្យ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​នៅតាម​ដងផ្លូវ​ជួបប្រទះ​នូវ​ការកកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់។

ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា៖ កំណើនសេដ្ឋកិច្ច​ជាតិ​ក្រោម​ម្លប់​សុខសន្តិភាព និង​ស្តិ​រ​ភាព​នយោបាយ ដែល​រកបាន​ដោយ​លំបាក បានធ្វើ ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ មានលទ្ធភាព​ទិញ​សម្ភារ​ប្រើប្រាស់ និង​មធ្យោបាយ​ធ្វើដំណើរ ដែល​តម្រូវឱ្យ​រាជរដ្ឋាភិបាល ត្រូវខិតខំ​កសាង និង​ពង្រីក​បណ្តាញ​ផ្លូវថ្នល់ និង​ស្ពាន​បន្ថែមទៀត ស្រប​កំណើន​យានយន្ត​របស់​ប្រជាពលរដ្ឋ៕