គម្រោងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានអន្តរក្រសួងកំពុងពិនិត្យ

ភ្នំពេញ: អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី ១៤ មករា​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ(ESIA) សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​មាន​ប្រវែង ១៩០,០១៦គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (Cambodia)ជា​ម្ចាស់​គម្រោង​ដែល​សិក្សា និង​រៀបចំ​របាយការណ៍​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា SAWAC Consultant (Cambodia) Co., Ltd.។

លទ្ធផល​កិច្ចប្រជុំ​នេះ បាន​គាំទ្រ​លើ​គម្រោង​វិនិយោគ ព្រោះ​វា​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ ដោយ​ស្នើ​ក្រុមការងារ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ធ្វើការ​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ពាក់ព័ន្ធ​នឹង​ការប៉ះពាល់​តំបន់​ការពារ​ដោយ គម្រោង​នេះ។

ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​គ្រប់គ្រង​សំណល់​រឹង-រាវ ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស នៅតាម​ចំណត​ទាំង៤ នៃ​ផ្លូវ​ល្បឿន​លឿន ក្នុងនោះ​ស្នើ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ​ល្បឿន​លឿន និង​ស្នើ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​សិក្សា​ឡើងវិញ​អំពី​ការបង្កើន​ចំនួន​ស្ពាន​ប្រអប់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់ ។

ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវធ្វើ​ការកែសម្រួល​របាយ​ការណ៍​នេះ​តាម​រាល់​មតិយោបល់​ទាំងអស់ របស់​ក្រុមការងារ​នាយកដ្ឋាន​ជំនាញ តំណាង​អគ្គនាយដ្ឋាន​នៃ​ក្រសួងបរិស្ថាន និង​តំណាង​ក្រសួង-ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ ដែល​ផ្តល់យោបល់​ក្នុង​អង្គប្រជុំ រួមទាំង​បញ្ចូល​ទាំង​មតិ​បូកសរុប​របស់​ប្រធាន​អង្គប្រជុំ៕