
រាជធានីភ្នំពេញ៖ សហគមន៍អឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា សម្រាប់ការនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន ២៨ ប្រទេស រយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២១។
ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ សម្រាប់រយៈពេល ៣ ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន ១៧៥ អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង ១ តោន, ឆ្នាំទី ២ តម្លៃ១៥០អឺរ៉ូ (ប្រហែល ១៧០ ដុល្លារ) ក្នុង ១តោន និងឆ្នាំទី៣ តម្លៃ ១២៥អឺរ៉ូ (ប្រហែល ១៤២ដុល្លារ) ក្នុង ១តោន។ ចំពោះសេចក្ដីសម្រេចនេះ យ៉ាងហោចណាស់ធ្វើឲ្យ កម្ពុជា ត្រូវខាតបង់ប្រាក់ប្រមាណ ៥០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់អង្ករនាំទៅអឺរ៉ុបនេះ។
ការយកពន្ធលើកអង្ករកម្ពុជានេះ ដោយសារអឺរ៉ុបរកឃើញថា អង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា ដែលនាំចូលទៅអឺរ៉ុប បានធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតអង្កររបស់ពួកគេ បន្ទាប់ពីមានបណ្តឹងតវ៉ាពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ។
យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដោយធ្វើការកាត់បន្ថយការចំណាយផ្លូវការ និងក្រៅផ្លូវការ ដើម្បីអាចឲ្យអ្នកធ្វើធុរកិច្ចមានលទ្ធភាព កាន់តែប្រសើរក្នុងការប្រកួតប្រជែងទីផ្សារនាំចេញ ទោះបីគ្មានការអនុគ្រោះពន្ធក៏កម្ពុជា នៅតែអាចនាំចេញបាន គ្មានការអនុគ្រោះពន្ធក៏កម្ពុជាមិនស្លាប់៕