ក្រុមហ៊ុនកូរ៉េធំៗត្រៀមវិនិយោគទុនរហូតដល់ជាង 39 ពាន់លានដុល្លារក្នុងការបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗនៅសហរដ្ឋអាមេរិក

យោងតាមសារព័ត៌មានរបស់ប្រទេសជប៉ុន NHK បានឱ្យដឹងថា ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងបានបង្ហើបពីគម្រោងក្នុងការវិនិយោគទុនចំនួន 39.4 ពាន់លានដុល្លារអាមេរិកក្នុងការបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗនៅសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីប្រកាសនោះគឺជួនពេលនឹងជំនួបប្រជុំរវាងរដ្ឋមន្ដ្រី Moon Jae-in ជាមួយនឹងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក Joe Biden​ ក្នុងទីក្រុងវ៉ាស៊ីនតោន។

នាយកប្រតិបត្តិមកពីក្រុមហ៊ុនធំៗរបស់អាស៊ីនេះបានប្រកាសការវិនិយោគក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដែលរៀបចំឡើងដោយរដ្ឋាភិបាលទាំងពីរមុនពេលកិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ក្នុងនោះដែរ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិក បាននិយាយថា ខ្លួននឹងចំណាយទុន 17 ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយ។ រីឯ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយវិញ បានសន្យានឹងចំណាយទុន 7.4 ពាន់លានដុល្លារដើម្បីពង្រីកផលិតកម្មរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្មរបស់ខ្លួន។

តាមរយៈការវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់នេះ កូរ៉េខាងត្បូងកំពុងបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់ខ្លួនចំពោះកិច្ចប្រឹងប្រែងរដ្ឋបាលរបស់ប៊ីដិនក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើក្រុមហ៊ុនចិន។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំទាំងពីរក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេបានព្រមព្រៀងបង្កើនបណ្តាញផ្គត់ផ្គង់ដោយដាក់អាទិភាពលើវិស័យដូចជាបន្ទះសឺមីកុងដង់ អាគុយអេឡិចត្រូនិច ឱសថ និងអ្វីដែលពួកគេនិយាយថាជាវត្ថុធាតុដើមសំខាន់ និងជាយុទ្ធសាស្ត្រ៕

ប្រភព៖ NHK