ក្រុមអ្នកសាងសង់ ប្តេជ្ញាបញ្ចប់គម្រោងភូមិកីឡាឲ្យរួចរាល់នៅចុងឆ្នាំ២០២២

ក្រុមហ៊ុនសាងសង់ អះអាងថា នឹងខិតខំសាងសង់គម្រោងភូមិកីឡានេះឲ្យទាន់ពេលវេលាកំណត់ នៅចុងឆ្នាំ២០២២ ទោះបីស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងនៅតែបន្តការសាងសង់ជាប់ជានិច្ច។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឧកាស ចុះពិនិត្យវឌ្ឍនភាព និងជំរុញការសាងសង់ភូមិកីឡា (Sport Village)កាលពីថ្ងៃទី២៤ ខែឧសភា។

នាឪកាសចុះពិនិត្យគម្រោងនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្លឿន ក្រុមហ៊ុន World Bridge Sport Village ពន្លឿនការសាងសង់កន្លែងស្នាក់នៅ និងកំណត់ទីតាំងអាហារដ្ឋានសម្រាប់បម្រើឲ្យប្រតិភូកីឡា និងអត្តពលិកសរុបប្រមាណ ១ម៉ឺននាក់ អំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ទន្ទឹមជាមួយគ្នា អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងក្រុមហ៊ុនសាងសង់ខាងលើបានធ្វើការប្ដេជ្ញាចិត្តចំពោះមុខរដ្ឋមន្ដ្រី ដោយអះអាងថា នឹងខិតខំសាងសង់គម្រោងភូមិកីឡានេះឲ្យទាន់ពេលវេលាកំណត់ នៅចុងឆ្នាំ២០២២ តាមរយៈការសម្រុកធ្វើការងារទាំងយប់ទាំងថ្ងៃ ទោះបីស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងនៅតែបន្តការសាងសង់ជាប់ជានិច្ច។

ទោះជាបែបនេះក្ដី លោក ថោង ខុន ក៏បានផ្ដល់ទំនុកចិត្តបន្ថែមដល់ក្រុមហ៊ុន ដោយនឹងជួយសម្របសម្រួលការងាររដ្ឋបាល ក៏ដូចជាដោះស្រាយការងារប្រឈមមួយចំនួនអំឡុងពេលសាងសង់ ហើយបានចាត់តាំងមន្ដ្រីប្រចាំការជួយលើការងារជំនាញផង និងការងារសម្របសម្រួលផង ចៀសវាងការររាំងស្ទះក្នុងដំណើរការសាងសង់ភូមិកីឡា ដើម្បីឆ្ពោះទៅសម្រេចការងារសាងសង់តាមផែនការកំណត់ផងដែរ។

សូមបញ្ជាក់ថា ភូមិកីឡា កំពុងសាងសង់លើផ្ទៃដីប្រមាណ ៨ហិចតានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតង ដែលមានទីធ្លារធំទូលាយ មានផ្សារទំនើប និងសាលធំៗអាចប្រើប្រាស់ជាការប្រកួតកីឡាបាន។ លើសពីនេះ ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបានពីស៊ីហ្គេមមុនៗទៀតផង។

ភូមិកីឡា ឬ Sport Village គឺជាកន្លែងស្នាក់នៅ និងហូបចុករួមដ៏ធំមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិក ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាដែលរាជរដ្ឋាភិបាលបានផ្ដស់សិទ្ធិដល់ក្រុមហ៊ុន World Bridge Sport Village ដើម្បីសាងសង់ឲ្យរួចរាល់មុនស៊ីហ្គេម ឆ្នាំ២០២៣។ តាមផែនការក្រុមហ៊ុនបានសន្យាថា ការសាងសង់គម្រោងនេះនឹងត្រូវបញ្ចប់ចុងឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យគណៈកម្មាធិការជាតិ CAMSOC ប្រើប្រាស់ឲ្យបានទាន់ពេលវេលានៃកាលបរិច្ឆេទរៀបចំស៊ីហ្គេមចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣៕