ក្រុមហ៊ុនស៊ីងបាយអូថេក គ្រោងដាំឈើអាជីវកម្ម១០លានដើមលើផ្ទៃដីជិត១ម៉ឺនហិកតាបន្ថែម ក្នុងឆ្នាំនេះ

ក្រុមហ៊ុនស៊ីងបាយអូថេក ដែលជាក្រុមហ៊ុនជំនាញនិងវិនិយោគចម្ការឈើដាំដ៏ធំជាងគេនៅកម្ពុជា បានឲ្យដឹងថា ខ្លួន គ្រោងដាំប្រភេទឈើអាជីវកម្ម ១០លានដើមលើផ្ទៃដីជិត ១ម៉ឺនហិកតាបន្ថែមទៀតនៅឆ្នាំ២០២១ នេះ។នេះតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន តាមរយៈក្រសួងបរិស្ថាន កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេក បានឲ្យដឹងថា នៅឆ្នាំ២០២១ នេះ ក្នុងរយៈពេល៤ខែពីខែឧសភា ដល់ខែសីហា ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ ១០លានដើម។ទន្ទឹមគ្នានេះ តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។

លោក បានបញ្ជាក់ថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ។ដោយឡែក ក្នុងឆ្នាំ ២០២១ នេះ នឹង ដាំឱ្យបាន ១០ លានដើម គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ និងសម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល។

ជុំវិញគម្រោងនេះ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ ២០២០ កម្ពុជា បានលក់ឥណទានកាបូនទទួលបានថវិកាចំនួន ១១,៦ លានដុល្លារអាម៉េរិកប្រើប្រាស់ដើម្បីការអភិរក្សព្រៃឈើនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ ហេតុនេះ ការវិនិយោគចម្ការឈើដាំកាន់តែច្រើននឹងជាដំណោះស្រាយមួយក្នុងការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ។

គួរជម្រាប់ថា ក្រុមហ៊ុន ស៊ីង បាយអូថេកបានឈូសឆាយទីតាំងនិងបានសម្រុកដាំចម្ការឈើដាំចាប់តាំងពីឆ្នាំ ២០១៨ មកហើយរហូតដល់ពេលនេះបានដាំកូនឈើបានចំនួនជាង ៥០០០ ហិកតារួចមកហើយលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា ដែលក្រុមហ៊ុនបានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរិចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕