ធនាគារជាតិចេញសេចក្ដីប្រមាន ចំពោះអ្នកមិនព្រមទទួលទូទាត់ប្រាក់រៀល

ក្រោយមានការបង្ហោះស្ដីពីកន្លែងមួយមិនព្រមទទួលទូទាត់ប្រាក់រៀល ក្នុងបណ្ដាញសង្គម Facebook កាលពី

ព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីប្រកាស និង​បង្ហាញ​ពី​ច្បាប់​ពិន័យ​លើជនណាដែលមិនពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែលមាន​តម្លៃ​នីត្យានុកូល នឹងត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់ ១០០ ដង​​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ធនាគារជាតិ ឲ្យដឹងថា៖ យោងតាម​ច្បាប់​ជា​ធរមាន ក្នុងករណី​ដែល​ជួប​ប្រទះ​​នូវ​បញ្ហា​មិន​ទទួល​ឬ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា​អាច​ប្តឹងទៅ​អាជ្ញា​ធរ​មាន​​សមត្ថកិច្ច ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ភស្តុតាង​ចាំបាច់​នានា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

ច្បាប់​​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាត្រា​ទី៤៣ បាន​ចែងថា ”ក្នុងពេលដែល​មិន​បាន​​ដក​ចេញពី​ចរាចរ​ទេនោះ ក្រដាសប្រាក់​និង​កាស​ដែល​បោះផ្សាយ​ដោយ​ធនាគារកណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យា​នុកូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​តេជានុភាព​ធ្វើ​សេរីកា​គ្មាន​ព្រំដែន​ចំពោះ​ក្រដាសប្រាក់ និង​មាន​ព្រំដែន​​ចំពោះ​កាស​ក្នុង​លក្ខខណ្ឌ​កំណត់ដោយ​ធនាគារកណ្តាល”។

មាត្រា​ទី៦៤ បាន​ចែងថា “ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែលមាន​តម្លៃ​នីត្យានុកូល​និង​មាន​តេជានុភាព​ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ៕