
ភ្នំពេញ: គម្រោងស្ដារ និងសាងសង់លើវិស័យសាធារណៈការ និងដឹកជញ្ជូនចំនួន ០៩គម្រោង កំពុងត្រៀមសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋាន ខណៈគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលទើបតែបញ្ចប់ការសម្ពោធ។
តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញក្នុងសន្និបាទបូកសរុបសមិទ្ធិផលប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០១៩នេះបានបង្ហាញថា ត្រៀមដាក់ឲ្យដំណើរការសេវារថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះដោយប្រើរថភ្លើងថ្មីមកពីប្រទេស Mexico។ គម្រោងសាងសង់ស្ពានស្ទឹងបត់។ ផ្លូវជាតិលេខ៥៨ ប្រវែង ១៧៤គីឡូម៉ែត្រ (ក្រុងប៉ោយប៉ែត ទៅដល់ត្រង់ផ្អុង ខេត្តឧត្តរមានជ័យ)។ ផ្លូវជាតិលេខ ៥៥ ប្រវែង១៨២,១៦គីឡូម៉ែត្រ (ពោធិ៍សាត់/វាលវែង ទៅដល់ថ្មដារ/ព្រំដែនកម្ពុជា-ថៃ)។ គម្រោងស្ពាន និងលើកកម្រិតផ្លូវជាតិលេខ៧ ក្រាលកៅស៊ូ AC ប្រវែង ៩៣,៤៦គីឡូម៉ែត្រ (ខ្លាស្ទុះ-រមៀត)។
របាយការណ៍បន្តថា ផ្លូវជាតិលេខ៥១ ក្រាលកៅស៊ូ AC ប្រវែង ៣៧,៩៦គីឡូម៉ែត្រ (ចំណុចប្រសព្វថ្នល់ទទឹង និងផ្លូវជាតិលេខ៤ ឧត្តុង្គ ចំណុចប្រសព្វផ្លូវជាតិលេខ ៥)។ គម្រោងផ្លូវជាតិស្ដារឡើងវិញផ្លូវជាតិលេខ ២១ ប្រវែង ៥៥គីឡូម៉ែត្រ(រង្វង់មូលតាខ្មៅ រហូតដល់ជ្រៃធំ)។ គម្រោងជួសជុលឡើងវិញស្ពានជ្រោយចង្វារ។ និងគម្រោង សាងសង់ស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ប្រវែង ១៣០ម៉ែត្រ (ស្ទឹងបត់ ដល់បានណងអៀន) ផ្នែកកម្ពុជាមានប្រវែង ៦៥ម៉ែត្រ។
កាលពីថ្ងៃទី ១៤មករានេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលប្រវែងសរុប៥២, ៩៨៣ គីឡូម៉ែត្រ គ្រោងចំណាយថវិកា ២៧៣ លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ មានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរយានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕