ទូតចិន៖ ការធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុប្រើពេលតែ២ម៉ោងប៉ុណ្ណោះ ក្រោយផ្លូវល្បឿនលឿនសាងសង់រួច

ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់គម្រោងខាងលើ ចំណាយពេលប្រហែល២ម៉ោងតែប៉ុណ្ណោះសម្រាប់ការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។នេះតាមការ ឲ្យដឹងពីស្ថានទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៃកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងតែបន្តឆ្ពោះដំណើរទៅមុខយ៉ាងរលូន។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចបាន៥១.៣៥% គ្រោងបញ្ចប់និងដាក់ឱ្យប្រើប្រាស់នាខែកញ្ញា ឆ្នាំ២០២២។

ពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលមានប្រវែងសរុបជាង១៩០គីឡូម៉ែត ជាប្រភេទផ្លូវល្បឿនលឿនហាយវេ ចែកចេញជាបួនគន្លង សរុបទឹកប្រាក់វិនិយោគជាង២.០១៩ពាន់លានដុល្លារអាមេរិក គឺជាគម្រោងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT)។

ស្ថានទូតចិនប្រចាំកម្ពុជា ក៏អះអាងថា ផ្លូវនេះនឹងជួយកម្ពុជាបញ្ចប់ប្រវត្តិសាស្ត្រដែលមិនមានផ្លូវល្បឿនលឿន នឹងអាចដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៕