កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញសាងសង់សម្រេចបានជាង៩០%ហើយ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិ លេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បី តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន និងត្រួតពិនិត្យ ការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ។

នាឪកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិសំខាន់ទាំងនេះ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវទាំង នេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ដោយឡែក ទាក់ទងគម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដោយក្នុងនោះត្រូវបែងចែកជាពីរកំណាត់គឺ៖ ពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ១៨១+0០០ ប្រវែង ៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាល បេតុងកៅស៊ូ ហើយពីគីឡូម៉ែត្រ១៨១+000 ដល់គីឡូម៉ែត្រ២០១+៤00 ប្រវែង ២០គីឡូម៉ែត្រ ត្រូវធ្វើការ ជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួថ្នល់ចំនួន ៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និង ការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិក។

សូមជម្រាបជូនថា៖ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនសម្រេចការងារសាងសង់តាមកិច្ចសន្យាបាន ប្រមាណជាង៩០% ដោយក្នុងនោះ កំណាត់ទី១ ប្រវែង៣៤គីឡូម៉ែត្រលើកំណាត់ផ្លូវសរុប ៥៤,៣ គីឡូម៉ែត្រ ត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង៕