ស្ថានីយជញ្ជីងអចល័តថ្មីមួយកន្លែងទៀត នឹងត្រូវសាងសង់ឡើងនៅបណ្តោយផ្លូវជាតិលេខ៤៨

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងគោងនឹងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីមួយទៀត នៅបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុងឆាប់ៗនេះ។

នេះបើយោងតាមដំណើរត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគណកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រួមនឹង​មន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

គួរជម្រាប់ថា ទីតាំងសម្រាប់សាងសង់ស្ថានីយជញ្ជីងអចល័តថ្មីមួយនេះ គឺស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ១៣៨ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនអះអាងថា ការសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីនេះ នឹងជួយត្រួតពិនិត្យយានយន្តដឹកទំនិញលើផ្លូវជាតិលេខ៤៨ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ៕