UNICEF ជំរុញឱ្យមេដឹកនាំ​ក្រុមប្រទេសអ្នកមាន(G7) បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ដល់ប្រទេសក្រីក្រ

ទីក្រុងញូវយ៉ក៖ ទូតសុច្ឆន្ទៈនៃយូនីសេហ្វ(UNICEF Ambassadors) នៅថ្ងៃទី ០៨ខែមិថុនានេះបានជំរុញ​ឲ្យមេដឹកនាំនៃក្រុមប្រទេស G7 សន្យាឥទ្បូវនេះថាខ្លួននឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសក្រីក្រ ដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលមេរោគនេះ ក៏ដូចជាកាត់បន្ថយការគំរាមកំហែង ដែលកើតឡើងដោយសារមេរោគបំប្លែងខ្លួនថ្មី។

 ​

មន្រ្តីនៃអង្គការយូនីសេហ្វ(UNICEF)បានបង្ហាញលិខិតចំហដែលចេញផ្សាយមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុមប្រទេស G7 ដែលនឹងធ្វើឡើងរយៈពេល៣ថ្ងៃ (ពីថ្ងៃសុក្រ ទី១១ ដល់ថ្ងៃ សៅរ៍ទី១៣ ខែមិថុនា) នៅទីក្រុងខនវ៉ល នៃចក្រភពអង់គ្លេស។  UNICEF ជំរុញឲ្យមេដឹកនាំក្រុមប្រទេស G7 ប្តេជ្ញាចែករំលែកវ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់ ២០ភាគរយ ជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលមេរោគនេះ ក៏ដូចជាកាត់បន្ថយការគំរាមកំហែងដែលកើតឡើងដោយសារមេរោគបំប្លែងខ្លួនថ្មី។

លិខិតនេះបានសរសេរថា “ពិភពលោកបានចំណាយពេលមួយឆ្នាំកន្លះ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជា​សកលនៃជំងឺកូវីដ-១៩ ប៉ុន្តែមេរោគនេះនៅតែបន្តចម្លងរាលដាលក្នុងប្រទេសជាច្រើន និងបំប្លែងខ្លួនជាមេរោគប្រភេទថ្មីៗ ដែលមានលទ្ធភាពធ្វើឲ្យយើងត្រឡប់ទៅស្ថានភាពដែលយើងបានចាប់ផ្ដើមដំបូង។ នេះមានន័យថា សាលារៀនកាន់តែច្រើននឹងបន្តបិទទ្វារ ប្រព័ន្ធសុខាភិបាលកាន់តែរងសម្ពាធខ្លាំងទ្បើងៗ ហើយសេដ្ឋកិច្ចកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ដែលបង្កការគំរាមកំហែងដល់អនាគតរបស់ប្រជាពលរដ្ឋ និងកុមារនៅគ្រប់ទីកន្លែង។”

លិខិតនេះបន្តព្រមានថា យន្តការកូវ៉ាក់ដែលជាគំនិតផ្ដួចផ្ដើមសកល សម្រាប់ជួយឲ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំង កំពុងជួបនឹងបញ្ហាខ្វះខាតវ៉ាក់សាំងចំនួន ១៩០លានដូស និងហើយដើម្បីជួយបំពេញភាពខ្វះខាតនេះ ក្រុមប្រទេស G7 ត្រូវបរិច្ចាគវ៉ាក់សាំងដែលខ្លួនមានចំនួន ២០ភាគរយ នៅចន្លោះពីខែមិថុនា ដល់ខែសីហា ពោលគឺស្មើនឹងជាង ១៥០លានដូស ដែលការធ្វើបែបនេះជាវិធានការបណ្ដោះអាសន្ន ដើម្បីបំពេញចំនួនវ៉ាក់សាំងដែលនៅខ្វះខាតទាំងនេះ។

ការវិភាគទិន្នន័យថ្មីៗ ដែលធ្វើឡើងដោយក្រុមហ៊ុន Airfinity ដែលជាក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រជីវិត ក្រោមការរៀបចំរបស់គណៈកម្មាធិការយូនីសេហ្វប្រចាំចក្រភពអង់គ្លេស បានបង្ហាញថាក្រុមប្រទេស G7 អាចបរិច្ចាគវ៉ាក់សាំងក្នុងបរិមាណបែបនេះ ដោយមិននាំឲ្យមានការពន្យារពេលអនុវត្តផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនជាមនុស្សពេញវ័យ នៅក្នុងប្រទេសទាំងនោះឡើយ។

លោក ដេវីដ ប៊ែកខេម ទូតសុឆន្ទៈយូនីសេហ្វ បានមានប្រសាសន៍ថា “ក្នុងនាមជាទូតសុច្ឆន្ទៈយូនីសេហ្វ ខ្ញុំជឿជាក់លើអត្ថប្រយោជន៍ដ៏សំខាន់នៃវ៉ាក់សាំង។ ការរាតត្បាតជាសកលនេះនឹងមិនចប់ឡើយ រហូតដល់ពេលដែលគ្រប់ទីកន្លែងលែងមានការឆ្លងរាលដាលមេរោគនេះទៀត។ ដូច្នេះជាការសំខាន់ណាស់ដែលសហគមន៍ទាំងអស់នៅជុំវិញពិភពលោក អាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាបន្ទាន់ ប្រកបដោយយុត្តិធម៌។”

យូនីសេហ្វព្រមាន​ថា ប្រសិនបើពុំមានការធានាឲ្យមានការទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងបន្ទាន់ប្រកបដោយយុត្តិធម៌ និងសមធម៌នោះទេ ពិភពលោកប្រាកដជាបន្តប្រឈមនឹងមេរោគបំប្លែងខ្លួនថ្មីៗ ដែលអាចសម្លាប់ជីវិតមនុស្សជាច្រើននាក់ ដូចជារលកទីពីរនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសឥណ្ឌា និងប្រទេសអាស៊ីខាងត្បូងដទៃទៀតដូចជា នេប៉ាល់ ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ជាដើម។

លោកស្រី ព្រីយ៉ាំងកា ជូបប្រា ចូណាស (Priyanka Chopra Jonas) ទូតសុច្ឆន្ទៈយូនីសេហ្វម្នាក់ទៀត បានឱ្យដឹងថា “វិបត្តិនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសកំណើតខ្ញុំ និងនៅក្នុងតំបន់អាស៊ីខាងត្បូងទាំងមូល បានបង្កនូវមហន្តរាយហួសប្រមាណ។ ការកើនឡើងនូវចំនួនករណីឆ្លងកូវីដ-១៩ ដែលធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិត កំពុងដាក់បន្ទុកយ៉ាងធំធេងមកលើមូលដ្ឋានសុខាភិបាលទូទាំងប្រទេសឥណ្ឌា ដោយគ្រែក្នុងមន្ទីរពេទ្យ បរិក្ខារផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗ និងអុកស៊ីសែនផងនោះ ត្រូវប្រើប្រាស់អស់រលីង។

លោកស្រីបន្តថា នេះគឺជាការព្រួយបារម្ភដ៏ធំធេងរបស់យើងទាំងអស់គ្នានៅយូនីសេហ្វ នៅពេលដែលយើងដឹងថា មានកុមារជាច្រើននាក់បានធ្លាក់ខ្លួនឈឺជាមួយនឹងប្រភេទមេរោគបំប្លែងខ្លួនថ្មីនេះ ខណៈពេលដែលមានកុមារច្រើននាក់រួចទៅហើយកំពុងបាត់បង់ឪពុកម្តាយ និងរស់នៅឯកោកណ្តោចកណ្តែង ហើយថែមទាំងត្រូវប្រឈមនឹងហានិភ័យ មិនអាចទទួលបានសេវាថែទាំសុខភាព វ៉ាក់សាំង និងសេវាអប់រំទៀត៕