កម្ពុជា​ប្រាប់​ធនាគារ​ចិន​ឲ្យ​ផ្តល់ទុន​បន្ថែម​ដល់​ក្រុមហ៊ុន​ចិន ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា

ទីក្រុង​ប៉េកាំង៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២២ មករា​នេះ ស្នើឱ្យ​ធនាគារ​ចិន​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​ចិន​ទាំងឡាយ​ដែល​វិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​លើ​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ការកែច្នៃ​កសិផល​របស់​កម្ពុជា។

ការ​ថ្លែង​នេះ ក្នុងជំនួប​សម្តែង​ការគួរសម​រវាង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន​លោក ឆេន ស៊ី​ឈី​ង (Chen Siqing) ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ចិន នា​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​បាន​បង្ហាញថា ថាមពល​អគ្គិសនី ក៏​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា ហើយ​ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការកសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី​នេះ។

សម្តេច​បន្ត កម្ចី​របស់​កម្ពុជា​នាពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការប្រាក់​ឱ្យបាន​ទាប​ទៅលើ​កម្ចី​នោះ។ សម្តេច​បង្ហាញ​គាំទ្រ​ឱ្យមាន​ការចុះហត្ថលេខារ​វាង​ធនាគារ​ចិន ជាមួយ​ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំងឡាយ ដែល​ស្ថិតក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ ក៏ដូចជា​ស្ថិតនៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់ថា បើ​គម្រោង​វិនិយោគ​ស្ថិតនៅក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​ទទួលបាន​ជោគជ័យ នោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់លោក​ប្រធានាធិបតី​ចិន ក៏​ជោគជ័យ​ផងដែរ។

លោក Chen Siqing ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន បាន​ថ្លែងអំណរគុណ​សម្តេច​ដែល​បានផ្តល់​អនុសាសន៍​នានា។ លោក​បាន​អះអាង​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក​នឹង​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​គឺ​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​នានា​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តថា ធនាគារ​របស់លោក​បាន​ធ្វើការ​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​ចិន​បានចាត់ទុក​កម្ពុ​ជា ជា​មិត្ត​ភ័ក្តិ​ចាស់ ហើយ​កន្លងមកនេះ​ភាគី​ចិន​តែងតែ​ចាត់ទុក​ទំនាក់ទំនង សម្តេចនាយក​រដ្ឋមន្ត្រី ជាមួយ​លោក​ប្រ​ធា​នាធិបតី ស៊ី ជីន​ពីង មាន​លក្ខណៈ​ស្និទ្ធស្នាល។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​តម្រូវការ​នៃ​ទុន​ជាច្រើន ហើយ​សព្វថ្ងៃនេះ​ចិន មាន​ទុន​ច្រើន ហើយ​មាន​សាខា​ច្រើន​នៅលើ​ពិភពលោក ដូច្នេះ​ធនាគារ​ចិន​អាចជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ។ សម្តេច​បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន៕