គម្រោងស្រូវត្រយងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសបង្កើនចំណូលរបស់ពលរដ្ឋ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ ដោយក្រសួងបានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយងដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ និងអ្នកសារព័ត៍មានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី ៩-១០ ខែមិថុនាឆ្នាំ ២០២១។

លោកបានលើកឡើងថា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកសដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ លោកថា ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន ៤ សំខាន់គឺទី១ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ ទី២ ហាមបរបាញ់សត្វ ទី៣ ហាមកាប់ឈើ និងទី៤ ហាមប្រើប្រាស់ជីគីមីសម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះគឹជាគ្រឹះនៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ។

លោករដ្ឋលេខាធិការបានរំឭកថា ស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួនទៅកាន់តំបន់ការពារធនធានធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឺងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួមដាំគម្រោងស្រូវប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៃខេត្តទាំងនោះមាន ១៥០០ គ្រួសារ។ សម្រាប់ទិន្នផលស្រូវដែលកសិករធ្វើបានគឺមានគុណភាពល្អ ហើយត្រូវបានលក់ក្នុងតម្លៃមួយលើស ៥០ភាគរយនៃតម្លៃទីផ្សារ។ ទាំងនេះដោយសារគាត់បានគោរពនូវគោលការណ៍ដែលបានដាក់ចុះដោយភ្ជាប់នឹងគោលការណ៍អភិរក្សហើយអតិថិជនដែលប្រើប្រាស់អង្គការស្រូវត្រយងប្រាថ្នា។ សព្វថ្ងៃផលិតផលស្រូវសង្រ្គោះសត្វព្រៃត្រូវបានគ្រប់គ្រងនិងធ្វើអាជីវកម្មដោយក្រុមហ៊ុន Ibis Rice Conservation Company (IRCC) ដែលតាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃទទួលខុសត្រូវក្នុងការទិញ និងលក់ផលិតផលស្រូវសត្វប្រភេទនេះទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍ តំបន់ការពារធម្មជាតិមានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើមុខរបរចាស់ចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វ ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះ បណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ បច្ចុប្បន្ននេះ ទេសចរក្នុងស្រុកមានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារ កំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

ដោយឡែក លោក ផាន់ ស៊ីថាន ជាទីប្រឹក្សាបច្ចេកទេសផ្នែកសហគមន៍នៃអង្គការ WCS បានឱ្យដឹងថា គម្រោងកម្មវិធីស្រូវត្រយងបានអនុវត្តដំបូងនៅឆ្នាំ២០០៨ នៅភូមិត្មាតប៉ើយ ខេត្តព្រះវិហារ ហើយបច្ចុប្បន្នការអនុវត្តគម្រោងនេះនៅខេត្តព្រះវិហារបាន ១៤ភូមិ និងបានពង្រីកទៅស្ទឹងត្រែង ហើយពេលនេះដែរបានពង្រីកដល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ លោកបានបញ្ជាក់ដែរថាក្នុងចុងឆ្នាំ ២០២០និងដើមឆ្នាំ ២០២១នេះគម្រោងស្រូវសង្រ្គោះសត្វព្រៃមានទីផ្សារល្អ។ សម្រាប់នៅខេត្តព្រះវិហារតែមួយគេទិញបានស្រូវសង្រ្គោះសត្វព្រៃបាន៩០៥តោន។ ស្រូវប្រភេទនេះជាទូទៅគេបានកិនជាអង្ករហើយ ទើបបាននាំចេញនិងមួយចំនួនបានលក់នៅលើលទីផ្សារទំនើបក្នុងប្រទេសកម្ពុជា។ស្រូវប្រភេទនេះជាទូទៅលក់ជាអង្ករឬផលិតជានំផ្សេងៗទើបនាំចេញ។
លោកបានបញ្ជាក់ថា ទីផ្សារស្រូវសង្រ្គោះសត្វព្រៃនេះភាគច្រើននាំទៅកាន់ទីផ្សារអឺរ៉ុបនិងប្រទេសសិង្ហបុរី។