កំណាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែរ នៅបណ្តាខេត្តទាំង៦នេះ កំពុងសម្រុកជួសជុលថែទាំខ្លាំង

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ  ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត។នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលថ្ងៃទី១២-១៣ ខែមិថុនា  ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ក្រចេះ កែប ព្រះវិហារ បន្ទាយមានជ័យ  និងខេត្តរតនគិរី  បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥  លេខ៨ លេខ៣៣ លេខ៣៣A  លេខ៥៦ លេខ៥៨ លេខ៦២ លេខ៧២ លេខ៧៣ លេខ៧៨  និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

ទន្ទឹមនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន៣ការពារ  ៣កុំ ឱ្យបានគ្រប់ៗគ្នា។

យ៉ាងណា ក្រសួងក៏បានស្នើរដល់សាធារណៈជន ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យើង អាចប្រើប្រាស់បានយូរអង្វែង៕