រដ្ឋាភិបាល ទើបអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មី៣ តម្លៃរហូតជិត១៥លានដុល្លារ

ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មី ៣ ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃ សរុបប្រមាណជិត ១៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាច្រើនកន្លែងថែមទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

គម្រោងទី១ – J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៣កន្លែង។

គម្រោងទី២– PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៨កន្លែង។

គម្រោងទី៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕